ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុនរចនាប្លង់ដ៏ធំ និងល្បីល្បាញនៅប្រទេសអង់គ្លេសត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នករចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវ នេះបើតាមការបញ្ជាក់ផ្ទាល់របស់ម្ចាស់គម្រោង។
ព្រលានយន្តហោះភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជាដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា និងជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ ហៅកាត់ថា OCIC ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣។ (អានបន្ថែម)
តាមការលើកឡើងក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប និង OCIC បានឲ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គឺចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក។ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះនឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ២៧លាននាក់នៅឆ្នាំ ២០៣០ ហើយនៅឆ្នាំ ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០លាននាក់ស្របតាមផែនការមេ។
ក្រុមហ៊ុនមួយនេះ មានដើមកំណើតនៅប្រទេសអង់គ្លេសតាំងពីឆ្នាំ១៩៦៧ ហើយជាក្រុមហ៊ុនដែលបានរចនាអគារល្បីៗជាច្រើន ដូចជា អគារដ៏ស្រស់ស្អាត Queen Elizabeth II Great Court និង Bloomberg London ជាដើម។
ចំពោះ ការសាងសង់វិញ អ្នកឧកញ៉ា ពុង ឃាវសែ បញ្ជាក់ថា ក្រុមហ៊ុន នឹងជ្រើសរើសក្រុមហ៊ុនបរទេសមួយចំនួន រួមជាមួយនឹងការប្រើប្រាស់ធនធានបច្ចេកទេស និង បទពិសោធន៍របស់ក្រុមហ៊ុន OCIC ផ្ទាល់។ អ្នកឧកញ៉ា ពុង ឃាវ សែ ជឿជាក់ថា នេះគឺជាជម្រើសដ៏ប្រសើរបំផុតសម្រាប់គម្រោងមួយនេះ។
អ្នកឧកញ៉ាថ្លែងទៀតថា៖ «គោលបំណងសាងសង់អាកាសយានដ្ឋានថ្មី គឺដើម្បីលើកកម្ពស់ដល់វិស័យសំណង់ ដោយនាំយកនូវបច្ចេកទេសថ្មីៗទំនើបៗមកអនុវត្ត ដែលជាកត្តានាំឲ្យវិស័យសំណង់នៅកម្ពុជាកាន់តែមានភាពរីកចម្រើន ដើរទាន់ពិភពលោក»។
អ្នកឧកញ៉ាបញ្ជាក់ទៀតថា ព្រលានយន្តហោះភ្នំពេញថ្មី នឹងលើកមុខមាត់ដល់ប្រទេសកម្ពុជាទាំងក្នុងវិស័យអាកាសចរណ៍ ទាំងក្នុងវិស័យពាក់ព័ន្ធនានា និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ច ជាតិ។
គួរបញ្ជាក់ថា កន្លងមក កាណាឌីយ៉ាគ្រុប ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន OCIC បានបោះទុនប្រមាណជា ៥ ពាន់លានដុល្លារអាមរិកទៅក្នុងវិស័យសំណង់សម្រាប់គម្រោងជាច្រើន ក្នុងរយៈពេលប៉ុន្មានមកឆ្នាំនេះ៕ (អានបន្ថែម)