ព្រះមហាក្សត្រខ្មែរ ជំរុញភាគីពាក់ព័ន្ធរួមកម្លំាងគ្នាគ្រប់គ្រងសំណល់ប្លាស្ទិក ដើម្បីការពារបរិស្ថាន
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាគ្រប់គ្រងសំរាមប្លាស្ទិក ដើម្បីការពារភពផែនដីឱ្យមានភាពស្អាត និងបៃតង។ នេះបើយោងតាមពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) »។
នាឱកាសនោះ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥នេះ គឺជាការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហានេះមិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័ន ណាមួយនោះទេ ហេតុនេះ សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក-កម្ពុជាស្អាត ខ្មែរធ្វើបាន។
ក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។ ប្រសិនបើគ្មានវិធានការប្រកបដោយ និរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងទឹកនឹងកើនឡើងជិតបីដងប្រមាណពី ១១លានតោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ ២៩លានតោន ក្នុងឆ្នាំ២០៤០។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល ក៏បានបង្កើតភាពជាដៃគូដ៏មានឥទ្ធិពលជាមួយប្រទេសជប៉ុន និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាបន្ទាន់នៃសំណល់ប្លាស្ទិកនៅក្នុងទីក្រុងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នំា។ កិច្ចសហការនេះ មានឈ្មោះជាផ្លូវការថា “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន” ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ (អានបន្ថែម)
សារនេះគឺច្បាស់ណាស់៖ ដល់ពេលដែលប្រជាជនកម្ពុជាទាំងអស់ត្រូវទទួលខុសត្រូវលើភពផែនដី និងខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលប្លាស្ទិក។ ការអំពាវនាវឲ្យមានសកម្មភាពនេះមិនមែនសម្រាប់តែចេញពីព្រះមហាក្សត្រប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវកើតចេញពីបេះដូងរបស់ពលរដ្ឋគ្រប់រូបដែលឧទ្ទិសដល់ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាពផងដែរ។
- Video Advertisement -