ភ្នំណាមលៀរ និងភ្នំគូលែននឹងក្លាយជាតំបន់អភិរក្សបេតិក​ភណ្ឌភូមិសាស្ត្ររបស់ផែនដី អមដោយស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់

ក្រសួងបរិស្ថាន គ្រោងរៀបចំភ្នំគូលែន និងភ្នំណាមលៀរទៅជាសួនឧទ្យានភូគម្ភសាស្រ្ត (Go-Park) ដើម្បីអភិរក្សបេតិក​ភណ្ឌភូមិសាស្ត្ររបស់ផែនដី ខណៈគម្រោងសិក្សាសាងសង់ស្ថានីយបណ្តុះកូនឈើខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ទើបបានបញ្ចប់ផងដែរ។

នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ក្នុងជំនួបជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro ជាទីប្រឹក្សាជាន់ខ្ពស់អង្គការចៃកា (JICA) នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា តំបន់ឧទ្យានអង្គវត្ត និងដែនជម្រកសត្វព្រៃភ្នំណាមលៀរ មានសក្តានុព​ល និងជាបេក្ខភាពជ្រើសរើសឱ្យមានការរៀបចំជាសួន/ឧទ្យានភូគម្ភសាស្រ្ត ដើម្បីបង្កើតជាគោលដៅលំហែបៃតងថ្មីសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស-និស្សិតផងដែរ។

ជាមួយគ្នានេះ លោកសាស្រ្តាចារ្យបណ្ឌិត Watanabe Koichiro បានស្នើដល់ក្រសួងបរិស្ថានពិចារណារៀបចំក្រុមកា​រងារ ដើម្បីសិក្សាពីលទ្ធភាពលើបេក្ខភាពតំបន់ការពារធម្មជាតិទាំងពីរខាងលើ និងបណ្តាតំបន់ការពារធម្មជាតិផ្សេង​ៗ​​​ទៀត។

ដោយឡែក ក្រសួងបរិស្ថាន ក៏ទើបតែបញ្ចប់ការសិក្សា និងគម្រោងប្លង់សាងសង់ស្ថានីយខ្នាតធំប្រចាំតំបន់នៅភ្នំគូលែនទំហំជាង ៣ហិកតា ដែលអាចធានាការបណ្តុះកូនឈើបានចំនួន ៣លានដើមក្នុង ១ឆ្នាំ។

គម្រោងសាងស​ង់ស្ថានីយនេះ ជាការបង្កើតបន្ថែម ពីលើថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថានខេត្តសៀមរាប កំពុងរៀបចំបណ្តុះកូនឈើរួចហើយ ដើម្បីចែកជូនពលរដ្ឋយកទៅដាំតាមគេហដ្ឋាន តាមសហគមន៍ និងទីសារធារណៈ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថានីយបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងមានការគ្រប់គ្រងត្រឹមត្រូវ មានការសិក្សាស្រាវជ្រាវ និងបង្កើតជាថ្នាលពូជឈើ ជីវៈចម្រុះ និងជាពិសេសការបង្កើតបានហេដ្ឋារចនាសម្ព័ន្ធ នៃការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតង បន្ថែមទៀតនៅក្នុងតំបន់។

លោករដ្ឋមន្ត្រី បានបន្ថែមថា ស្ថានីយបណ្តុះកូនឈើលក្ខណៈតំបន់ នឹងសាងសង់ឡើងនៅក្នុងខេត្តចំនួន៥ រួមមានខេត្តសៀមរាប ត្បូងឃ្មុំ មណ្ឌលគីរី កំពង់ស្ពឺ និងកោះកុង ដែលអាចមានសមត្ថភាពបណ្តុះកូនឈើ និងចែកជូនពលរដ្ឋយកទៅដាំ តាមប្រភេទឈើនីមួយៗ ដូចជាការបណ្តុះកូនឈើតូចៗ ជូនពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។ (អានបន្ថែម)

ក្នុងកិច្ចការងារការពារបរិស្ថាន និងតំបន់ធនធានធម្មជាតិនេះផងដែរ អាជ្ញាធរខេត្តសៀមរាប បានដាក់ចេញនូវវិធានការចំនួន ១០ចំណុច ដែលជំរុញឱ្យមានការចូលរួមពីគ្រប់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសបង្ក្រាបលើការកាប់ព្រៃឈើ និងការទន្ទ្រានដីរដ្ឋខុសច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិទាំងនោះ។

ក្នុងនោះដែរ អាជ្ញាធរខេត្ត បានហាមឃាត់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវចុះហត្ថលេខាទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លី ដែលពុំមានឯកសារ និងអំណះអំណាងគ្រប់គ្រាន់តាមផ្លូវច្បាប់ ជាពិសេសការបញ្ជាក់លើឯកសារសុំសិទ្ធិកាន់កាប់ និងឯកសារទិញ-លក់ដី ដោយខុសច្បាប់ក្នុងតំបន់ការពារ និងតំបន់អភិរក្សធនធានធម្មជាតិ។

គួរបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តសៀមរាប មានតំបន់ការពារធម្មជាតិចំនួន ៨កន្លែង ដែលមានផ្ទៃដីសរុបប្រមាណ ២៨ម៉ឺនហិកតា ដែលស្ថិ​​តក្រោមការគ្រប់គ្រងរបស់រដ្ឋ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]