ភ្នំពេញនឹងមានមន្ទីរពេទ្យស្ដង់ដាថ្មីមួយ ដើម្បីកាត់បន្ថយការចេញទៅរកពេទ្យក្រៅប្រទេស
មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលជាមន្ទីរពេទ្យស្ដង់ដាទំនើបថ្មី កម្ពស់២៦ជាន់ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ គឺជាសមិទ្ធផលមន្ទីរពេទ្យឯកជនថ្មីមួយ ដែលផ្ដល់សេវាសុខភាពប្រកបដោយគុណភាពដល់ប្រជាជន ទិសដៅកាត់បន្ថយការចេញទៅទទួលយកសេវានៅក្រៅប្រទេស។
ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងក្នុងពិធីបើកការដ្ឋានថា៖ «នៅពេលមន្ទីពេទ្យនេះដាក់ឱ្យដំណើរការនាពេលខាងមុខ អ្នកជំងឺទូទៅនឹងពុំចាំបាច់ចំណាយពេលវេលា និងចំណាយថវិកាច្រើន ដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យបរទេសទៀតនោះឡើយ ព្រោះនឹងទទួលបានគុណភាពល្អដូចគ្នា»។
គួរបញ្ជាក់ដែរថា មន្ទីរពេទ្យពហុជំនាញភ្នំពេញថ្មីមួយនេះ គឺមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ មន្ទីពេទ្យនេះ មានកម្ពស់២៦ជាន់ ក្រោមដី ៣ជាន់ ដែលអាចដាក់គ្រែពិនិត្យ និងសម្រាកព្យាបាលអ្នកជំងឺចាប់ពី ១៥០ រហូតទៅ ២០០គ្រែផងដែរ៕

