មកស្គាល់ពីកម្មវិធី ៥ ដែលត្រូវបានប្រើដើម្បីសង់គម្រោងខ្នាតយក្សមួយនៅឥណ្ឌា
ក្រុមហ៊ុនសាជីវកម្មផ្លូវដែកក្រោមដីដេលី (DMRC) ថ្មីៗនេះបានបើកសម្ពោធគម្រោងសាងសង់ស្ពានអាកាស (Skywalk) ប្រវែង ២៤២ ម៉ែត្រ នៅស្ថានីយ៍រថភ្លើង New Delhi ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងទីក្រុង។
ក្នុងកម្មវិធីបើកសម្ពោធគម្រោង ក្រុមហ៊ុនបានបង្ហើបថាគម្រោងត្រូវបានធ្វើឡើងប្រកបដោយគុណភាព ខណៈសន្សំសំចៃថវិកាគឺដោយសារតែការប្រើបច្ចេកវិទ្យា Digital Twin របស់ក្រុមហ៊ុន Bentley Systems ។
បញ្ហាប្រឈមរបស់គម្រោងនេះ គឺត្រង់ថាគម្រោងតម្រូវឱ្យសាងសង់នៅក្នុងទីក្រុងដែលមានការកកស្ទះខ្លាំង ដូច្នេះក្រុមហ៊ុនត្រូវធ្វើយ៉ាងណាដើម្បីបង្ការបញ្ហា។
ដូច្នេះក្រុមហ៊ុន DMRC បានប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ Bentley នៅក្នុងគ្រប់ដំណាក់កាលដើម្បីវិភាគ និងរកដំណោះស្រាយ។ ឧបករណ៍ឌីជីថលទាំងនេះ ជួយឱ្យគ្រប់ដំណាក់កាលការងារធ្វើឡើងមានប្រសិទ្ធភាព និងលឿនជាងមុន ពោលគឺគ្រប់យ៉ាងគឺអាចវិភាគបានដូចមានការដ្ឋានពិតៗនៅក្នុងកុំព្យូទ័រ។ កម្មវិធីទាំងនោះរួមមាន៖
STAAD.Pro: កម្មវិធីនេះមានសារៈសំខាន់សម្រាប់ការវិភាគ និងរចនារចនាសម្ព័ន្ធបែបទូលំទូលាយ។ វិស្វករបានប្រើប្រាស់សមត្ថភាពគំរូកម្រិតខ្ពស់របស់វា ដើម្បីបង្កើតគំរូ 3D មួយ ដើម្បីតេស្ដេសេណារីយ៉ូនានា ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាព និងបង្កើនប្រសិទ្ធភាពនៃរចនាសម្ព័ន្ធ។ ការប្រើកម្មវិធីជួយសន្សំការប្រើដែកថែប ២៥០ តោន និងបេតុង ១,០០០ ម៉ែត្រគូប។
RAM Connection: ឧបករណ៍នេះបានប្រើរួមបញ្ចូលជាមួយ STAAD.Pro ហើយមានសារៈសំខាន់សម្រាប់ការរចនា និងបង្កើតការងារលម្អិតនានាបានយ៉ាងឆាប់រហ័ស។ វាជួយវិភាគរកចំណុចតភ្ជាប់ដែកថែបនានា ដែលជួយឱ្យសន្សំ ២០% នៃការធ្វើតភ្ជាប់។
OpenBridge Designer: ដំណោះស្រាយបែបគ្រប់ជ្រុងជ្រោយត្រូវបានប្រើប្រាស់សម្រាប់ការរៀបចំផែនការ និងរចនារចនាសម្ព័ន្ធ។ វាជួយសម្រួលលំហូរការងារ និងស្វែងរកជម្រើសរចនាជាច្រើនបានយ៉ាងឆាប់រហ័ស។
OpenBuildings Designer: ជាកម្មវិធីរចនាអគារដែលជួយឱ្យស្ថាបត្យករ និងវិស្វករបង្កើតអគារដែលមានភាពវៃឆ្លាត និងសន្សំសំចៃថាមពលកាន់តែច្រើន។
ProjectWise: ជាវេទិកាសហការដែលជួយក្រុមការងារគ្រប់គ្រង ចែករំលែក និងតាមដានទិន្នន័យគម្រោងនៅទូទាំងផ្នែកជំនាញ និងទីតាំងផ្សេងៗគ្នា។
ការប្រើប្រព័ន្ធឌីជីថលរបស់ Bentley បានផ្តល់លទ្ធផលជាច្រើន ពិសេសការសន្សំសំចៃថ្លៃការចំណាយប្រមាណ ៦ លានរូពីឥណ្ឌា (INR) តាមរយៈការបង្កើនប្រសិទ្ធភាពសម្ភារៈ និងការកែលម្អការរៀបចំផែនការសំណង់។
លើសពីនេះ កម្មវិធីទាំងនេះក៏ជួយសន្សំពេលវេលាធ្វើការសរុបជាង ៩០០ ម៉ោង ហើយបង្កើនប្រសិទ្ធភាពក្រុមការងារ ២០% តាមរយៈការមិនសូវត្រូវចុះទៅពិនិត្យការដ្ឋានផ្ទាល់ និងការមិនមានកំហុសឱ្យកែ។ ជាងនេះ វាក៏ជួយបង្កើនល្បឿននៃការរចនាដល់ទៅ ៧០% បើទោះជាមានការកែប្រែប្លង់ជាច្រើនក្ដី ដើម្បីតម្រូវនឹងស្ថានភាពកកស្ទះ។
- Video Advertisement -