មណ្ឌលស្តារនីតិសម្បទាខ្នាតធំតម្លៃជាង ៧ លានដុល្លារ នៅខេត្តព្រះសីហនុ សម្ពោធជាផ្លូវការ
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនថ្មីមួយកន្លែង តម្លៃជាង៧ លានដុល្លារ។
មជ្ឈមណ្ឌលនេះបើកការដ្ឋានសាងសង់កាលពីឆ្នាំ ២០១៧ ហើយលាតសន្ធឹងលើផ្ទៃដីទំហំ ២០ហិកតា ក្នុងភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
គម្រោង មានអាគារសរុបចំនួន ២១អាគារ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូចំនួន ៨ ខ្សែ ចំណតរថយន្ត ដាក់បង្គោលការពាររន្ទះ ធ្វើរបង រៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹកកង្វក់ ការរៀបចំប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ តារាងបាល់បោះ បាល់ទាត់ និងតារាងបាល់ទះ ។
មជ្ឈមណ្ឌលនេះ សាងសង់ដោយប្រើប្រាស់ថវិកាជាតិ ថវិកាមូលនិធិជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថវិកាសប្បុរសជន ថវិកាមូលនិធិសម្តេចក្រឡាហោម និងជំនួយពីរាជរដ្ឋាភិបាលថៃ និងវៀតណាម។

