មន្ទីរពេទ្យជាតិ “តេជោសន្តិភាព” សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
មន្ទីរពេទ្យជាតិ “តេជោសន្តិភាព” ដែលជាមន្ទីរពេទ្យធំបំផុតនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោយប្រើរយៈពេលត្រឹម ១២ខែប៉ុណ្ណោះសម្រាប់ការសាងសង់។
មន្ទីរពេទ្យនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដី ៧ហិកតា នៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ក្នុងមន្ទីពេទ្យនេះមានអគារសរុបចំនួន ១១អគារ ដែលអាចដាក់គ្រែបានចំនួន ១ម៉ឺនគ្រែ។ (អានបន្ថែម)
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សួន សាមិត្ត ជានាយកមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានឱ្យដឹងថា «…នៅពេលអ្នកជំងឺមកដល់មន្ទីពេទ្យ ពួកគាត់នឹងមិនមានការបារម្ភពីធនធានអ្វីទេ បើសិនជាពួកគាត់មានលទ្ធភាព ពួកគាត់អាចបង់ជូនមន្ទីពេទ្យ ហើយបើមិនមានលទ្ធភាពមានត្រឹមតែប័ណ្ណក្រីក្រី ឬប័ណ្ណ ប.ស.ស ក៏បានដែរ… មួយវិញទៀតបើសិនជាពួកគាត់មិនមានអ្វីទាំងអស់ គឺខាងមន្ទីពេទ្យក៏មិនយកកម្រៃសេវាអ្វីទាំងអស់សូម្បីតែ១រៀលក៏មិនយកដែរ… ជាទម្លាប់កន្លងមក នៅពេលមានអ្នកជំងឺចូលមក ខាងមន្ទីពេទ្យនឹងទទួលព្យាបាលអ្នកជំងឺគ្រប់រូប និងគ្រប់ប្រភេទជំងឺ ដោយមិនមានការសួរនាំរឿងឯកសារ ឬលុយកាក់អ្វីទាំងអស់ គឺផ្តោតសំខាន់លើការផ្តល់សេវាព្យាបាលជូនអ្នកជំងឺជាមុន…»។
លោកវេជ្ជបណ្ឌិតបន្ត«…ក្រោយព្យាបាលបានធូរស្បើយហើយ អ្នកជំងឺអាចសាកសួររឿងនេះទៅខាងមន្ទីរពេទ្យបាន ឬបុគ្គលិកខាងមន្ទីរពេទ្យ អាចសាកសួរក្រោយពេលព្យាបាលរួចរាល់…»។
ចំពោះការមិនគិតកម្រៃសេវាព្យាបាលនេះ កន្លងមកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានប្រកាសម្តងរួចហើយដែរថា ប្រជាពលរដ្ឋ កម្មករ កម្មការិនី អាចទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ «តេជោសន្តិភាព» ដែលជាមន្ទីពេទ្យថ្មី និងធំបំផុតនៅកម្ពុជានេះដោយឥតគិតថ្លៃ។(អានបន្ថែម)
គួរបញ្ជាក់ថា ការសាងសង់មន្ទីរពេទ្យនេះ នឹងត្រូវបំពាក់បរិក្ខារ ដើម្បីប្រែក្លាយមន្ទីរពេទ្យនេះ ឱ្យក្លាយជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកសម្រាប់ព្យាបាលអ្នកជំងឺមហារីក ជាពិសេសស្ត្រី។ នេះបើតាម សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពីធីអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣កន្លងមក។ (អានបន្ថែម)



- Video Advertisement -