មហាអំណាចអាស៊ីបូព៌ា បន្តជំរុញការចរចាពាណិជ្ជកម្មសេរី តែអ្នកជំនាញថា បើគ្មានវត្តមានស៊ីជីងពីង ការចរចាគ្មានន័យ

មហាអំណាចទាំងបីប្រចាំតំបន់អាស៊ីបូព៌ា ជប៉ុន កូរ៉េខាងត្បូង និងចិន ចាប់ផ្តើមចរចាឡើងវិញនូវលទ្ធភាពអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលបានបន្តជាប់គាំងអស់រយៈពេលជាង ៤ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលរួមលើកដំបូងរបស់ពួកគេក្នុង ២០១៩​មក។ ព័ត៌មាននេះ ត្រូវបានចេញផ្សាយដោយ Nikkei នៅថ្ងៃទី ២៧ ខែ ០៥ ២០២៤។

កិច្ចប្រជុំកំពូលជាថ្មី ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីដើមសប្តាហ៍ នៃខែឧសភានេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងបីឡើងវិញ។ បើមើលឱ្យស៊ីជម្រៅ នៅពេលអនុវត្តបានជោគជ័យ កិច្ចព្រមព្រៀងនេះ នឹងក្លាយជាការបើកទំព័រប្រវត្តិសាស្ត្រភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចថ្មីសម្រាប់តំបន់អាស៊ី ក៏ដូចជាចរន្តសេដ្ឋកិច្ចពិភពលោកទាំងមូល ដោយហេតុផលថា កិច្ចព្រមព្រៀងនេះមានលក្ខណៈពិសេសខុសប្លែកពី AFT ដទៃទៀត ដូចជាកិច្ចព្រមព្រៀង AFT របស់អាស៊ានជាដើម។ ខុសប្លែកពីគេគឺនៅត្រង់ថា ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងដែលកំពុងតែខិតខំបង្កើតឡើងឱ្យបាននេះ សុទ្ធសឹងតែជាមហាអំណាចសេដ្ឋកិច្ចអាស៊ីដូចគ្នា រស់នៅជាប់របងនឹងគ្នា នឹងសុទ្ធតែជាប្រទេសដែលមានអំណាចទីផ្សារ ជាពិសេសលើការនាំចេញផលិតផលឧស្សាហកម្មធុនធ្ងន់ គ្របដណ្តប់លើទីផ្សារសកលដូចគ្នា។ តែអ្វីដែលជាឧបសគ្គចម្បងសម្រាប់កិច្ចព្រមព្រៀងនេះ នោះគឺជម្លោះប្រវត្តិសាស្ត្រដែលប្រទេសទាំងបីនេះ ធ្លាប់មានប្រវត្តិល្អក់កករនឹងគ្នាជាប្រចាំ និងបញ្ហាផលប្រយោជន៍ភូមិសាស្ត្រនយោបាយចម្រូងចម្រាស់ ទើបធ្វើឱ្យមហាអំណាចសេដ្ឋកិច្ចទាំងបីត្រូវចាប់ដៃគូពាណិជ្ជកម្មចម្បងតែជាមួយប្រទេសលោកខាងលិចតែរៀងៗខ្លួន ព្រមទាំងមានការដាក់របាំងពាណិជ្ជកម្មមិនបើកទូលាយជាមួយប្រទេសជិតខាងដែលជាប់របងជាមួយគ្នាដ៏ជិតបង្កើយនេះទៅវិញ។

នៅក្នុងជំនួបកំពូលថ្មីនេះ ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីចិន Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida។ មេដឹកនាំទាំងបី ដែលក្នុងចំណោមនោះ គ្មាននរណាម្នាក់ បានកាន់តំណែងកាលពីក្នុងអំឡុងពេលកិច្ចប្រជុំកំពូលត្រីភាគីចុងក្រោយក្នុងខែធ្នូឆ្នាំ ២០១៩ សោះឡើយ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ការរៀបចំ” កិច្ចសហប្រតិបត្តិការបីផ្លូវដោយរៀបចំកិច្ចប្រជុំកំពូលត្រីភាគី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឱ្យបានទៀងទាត់។ មេដឹកនាំទាំងបី បានយល់ព្រមបង្កើនល្បឿនការចរចា FTA សំដៅទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ក្រោមបាវចនា “សេរី យុត្តិធម៌ ទូលំទូលាយ គុណភាពខ្ពស់ និងបម្រើផលប្រយោជន៍ទៅវិញទៅមក”។ ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមេដឹកនាំបន្ទាប់។

គួររំលឹកថា ការចរចា FTA ដែលបានចាប់ផ្តើមក្នុងខែវិច្ឆិកា ឆ្នាំ ២០១២ ត្រូវបានបញ្ឈប់បន្ទាប់ពីជុំទី ១៦ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ទៅវិញ ដោយសារតែកាលណោះមានជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។ បន្ទាប់មកក៏ការ​អំពាវនាវ​របស់​ចិន​ឱ្យ​ចាប់​ផ្តើម​ការ​ចរចា​ឡើង​វិញ​ ប៉ុន្តែកាលណោះ ​ចំ​ពេល​ដែល​សេដ្ឋកិច្ច​របស់​ខ្លួន​ កំពុងធ្លាក់​ចុះ។

លោក Choo Jae-woo អ្នកជំនាញគោលនយោបាយការបរទេសចិននៅសកលវិទ្យាល័យ Kyunghee ក្នុងទីក្រុងសេអ៊ូល បានកត់សម្គាល់ថា “ចង់ដឹងថា FTA នេះ មានវឌ្ឍនភាពឬអត់ យើងត្រូវមើលលើវត្តមានពីប្រធានាធិបតីចិន Xi Jinping ជំនួសឱ្យនាយករដ្ឋមន្ត្រី Li Qiang។ បើគ្មានវត្តមានអំណាចរបស់លោក Xi ក្នុងការចរចាទេ ខ្ញុំមិនគិតថាយើងអាចរំពឹងបានផលអ្វីចេញពីកិច្ចព្រមព្រៀងនេះទេ ” ពោលគឺលោកចង់បញ្ជក់ថា ការចូលរួមរបស់ប្រធានាធិបតីចិន មានទម្ងន់ជាងនាយករដ្ឋមន្ត្រីចិនក្នុងការសម្រេចផលសម្រាប់កិច្ចប្រជុំកំពូលនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគមើលឃើញថា កិច្ចប្រជុំកំពូលនេះ បានបង្កើតបណ្តាញទំនាក់ទំនងផ្សេងៗ ជាពិសេសសម្រាប់យុវជន ដែលឆ្លុះបញ្ចាំងពីការទទួលស្គាល់របស់ប្រទេសទាំងបី អំពីសារៈសំខាន់នៃការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងការងាកមកគិតគូរពីអនាគតរួមគ្នាវិញ។

ក្រៅពីការលើកឡើងអំពីភាពតានតឹងក្នុងតំបន់ជាពិសេសពាក់ព័ន្ធនឹងការគម្រាមកំហែងកូរ៉េខាងជើងថ្មីៗនេះ កិច្ចប្រជុំកំពូលនេះ បានដាក់ចេញនូវគោលដៅដោះស្រាយបញ្ហាផ្សេងៗ រួមទាំងការប្រែប្រួលអាកាសធាតុ សុខភាពសាធារណៈ និងកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកប្រធានាធិបតី Yoon ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំ បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍សក្តានុពលនៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងបានគូសបញ្ជាក់ពីតម្រូវការដើម្បីការពារខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ផលិតផលរ៉ែ និងវត្ថុធាតុដើមសំខាន់ៗ។ មែនទែនទៅ កិច្ចប្រជុំកំពូលនេះ អាចនិយាយបានថាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោក Yoon ផ្ទាល់តែម្តង ដែលលោកបានផ្តួចផ្តើមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសជប៉ុន ចាប់តាំងពីចូលកាន់តំណែងកាលពីពីរឆ្នាំមុន ដោយបានដោះស្រាយបានដោយជោគជ័យនូវភាពតានតឹងជាប្រវត្តិសាស្ត្រទាក់ទងនឹងបញ្ហាជុំវិញឥទ្ធិពលនៃការគ្រប់គ្រងអាណានិគមរបស់ជប៉ុននៅឧបទ្វីបកូរ៉េពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥​រៀងមក៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]