ម៉ាឡេស៊ីទើបបញ្ជប់ការសាងសង់អគារខ្ពស់ជាងគេទី២លើពិភពលោក ចំពេលមានការព្រួយបារម្ភអំពីតម្រូវការទីផ្សារ

ប្រទេសម៉ាឡេស៊ីបានបន្ថែមភាពអស្ចារ្យនៃស្ថាបត្យកម្មមួយទៀតសម្រាប់ទីក្រុងរបស់ខ្លួនជាមួយនឹងការសាងសង់បញ្ចប់នៃអគារ Merdeka 118 កម្ពស់ ៦៧៨,៩ ម៉ែត្រ ដែលជាប់លំដាប់ថ្នាក់ជាអគារខ្ពស់ជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីអគារ Burj Khalifa របស់ទីក្រុងឌូបៃ យោងតាម businesstimes ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤។

បន្ទាប់ពីបើកឱ្យប្រើប្រាស់ជាផ្លូវការជាសាធារណៈ នៅចុងឆ្នាំនេះ សំណង់អគារដ៏ខ្ពស់ស្កឹមស្កៃថ្មីនេះ នឹងជួយបង្កើនឋានៈឱ្យទីក្រុងកូឡាឡាំពួក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងនៃអគារខ្ពស់កប់ពពករបស់ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍន៍អគារខ្ពស់ៗ ក៏កំពុងបង្កឱ្យមានការព្រួយបារម្ភអំពីតម្រូវការអចលនទ្រព្យនៅក្នុងទីក្រុង ដែលមានប្រជាជនត្រឹមតែពីរលាននាក់ និងការកើនឡើងនៃចំនួនការិយាល័យ និងផ្ទះទំនេរជាច្រើន។

ក្តីបារម្ភទាំងនេះ ត្រូវបានលើកឡើងចំពេលដែលមានគម្រោងសាងសង់អចលនទ្រព្យជាច្រើនកំពុងបន្តអភិវឌ្ឍ ដែលត្រូវបានជំរុញដោយអ្នកវិនិយោគអចលនទ្រព្យ និងមហិច្ឆតាជាតិចំពោះភាពរឹងមាំនៃគម្រោង និងវឌ្ឍនភាពតាមរយៈអគារខ្ពស់ៗ។ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងពីបញ្ហានេះកាលពីកន្លងទៅ ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍគម្រោងដែលមានលក្ខណៈឆ្លើយតបនឹងតម្រូវការសង្គមជាក់ស្តែងបន្ថែមទៀត ដូចជាគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ គម្រោងសាងសង់ហាងក្នុងស្រុក និងភោជនីយដ្ឋានជាដើមវិញ។

ទោះបីជាមានការព្រួយបារម្ភទាំងនេះក៏ដោយ ជាមួយនឹងវត្តមានអគារខ្ពស់ថ្មី Merdeka 118 នេះ​ដែលមានកម្ពស់លើសអគារខ្ពស់បំផុតនៅសៀងហៃរបស់ចិនទៅទៀតនោះ ទីក្រុងគូឡាឡាំពួនឹងនៅតែបន្តជាមជ្ឈមណ្ឌលនៃអគារខ្ពស់ៗច្រើនជាងទីក្រុងទាំងអស់ក្នុងលោក លើកលែងតែទីក្រុងចំនួនប្រាំពីរផ្សេងទៀតតែប៉ុណ្ណោះ។ ស្ថាបត្យករ Mustapha Kamal Zulkarnain អ្នកជំនាញផ្នែកភាពធន់នៃទីក្រុង បានលើកឡើងពីការខិតខំប្រឹងប្រែងឥតឈប់ឈរនៃការអភិវឌ្ឍន៍អចលនទ្រព្យដោយនិយាយថា “យើងគិតតែពីខំអភិវឌ្ឍគម្រោងសាងសង់ ហាក់ដូចជាគ្មាននរណាម្នាក់ចាប់អារម្មណ៍ពិនិត្យមើលពីតម្រូវការនោះទេ”។

ការរីកដុះដាលនៃអគារខ្ពស់ៗរបស់ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដែលជំរុញដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមហិច្ឆតារបស់អតីតនាយករដ្ឋមន្ត្រី Mahathir Mohamad ក្នុងគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងលើកឋានៈប្រទេសម៉ាឡេស៊ីជាដៃគូប្រកួតប្រជែងពិភពលោក។ ផ្នត់គំនិត​នេះ​បាន​ឈាន​ដល់​ការ​សាងសង់​អគារ​ភ្លោះ Petronas Twin Towers ក្នុង​ឆ្នាំ ១៩៩៦ ដែល​បាន​កាន់​តំណែង​ជា​អគារ​ខ្ពស់​បំផុត​របស់​ពិភពលោក​និង​ជា​និមិត្តរូប​នៃ​ការ​កើនឡើង​របស់​ម៉ាឡេស៊ី​នៅលើ​ឆាក​ពិភពលោកបានមួយរយៈពេលខ្លីដែរ។

លោក Carmelo Ferlito នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំទីផ្សារបានអត្ថាធិប្បាយថា វិ​ធីសាស្រ្តរបស់លោក Mahathir ក្នុងការប្រើប្រាស់គម្រោងខ្នាតធំដើម្បីបង្ហាញពីអំណាច និងវឌ្ឍនភាពគឺជាស្ទីលនៃភាពជាអ្នកដឹកនាំរបស់គាត់។

ទោះយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ ជាមួយនឹងអគារខ្ពស់ៗជាច្រើន និងតម្រូវការមានកំណត់ ការសាងសង់អគារខ្ពស់ដ៏មហិមារបស់ម៉ាឡេស៊ី នៅតែបន្សល់ទុកសំណួរសំខាន់ៗជុំវិញបញ្ហាចោទពាក់ព័ន្ធនឹងនិរន្តរភាពនៃការរៀបចំទីក្រុង និងទិសដៅអនាគតរបស់ទីផ្សារអចលនទ្រព្យ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]