ម៉ាឡេស៊ីវិនិយោគ $៨,៣៤​ពាន់លាន ពង្រីកកំពង់ផែប្រជែងសិង្ហបុរី ខណៈបង្អាប់គម្រោងសង់ស្ពានភ្ជាប់សមុទ្រថៃថាគ្មានអ្នកចាប់អារម្មណ៍

ប្រទេសម៉ាឡេស៊ី ចំណាយថវិកាប្រមាណ ៨,៣៤ ពាន់លានដុល្លារ ដើម្បិវិនិយោគលើគម្រោងពង្រីកកំពង់ផែដ៏ធំបំផុតរបស់ខ្លួននៅលើផ្លូវសមុទ្រដ៏សំខាន់នៃច្រកសមុទ្រ Malacca ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនទ្វេដងឱ្យទាន់សមត្ថភាពរបស់កំពង់ផែសិង្ហបុរី និងផ្គត់ផ្គង់ក្នុងវិស័យពស្តុភាររបស់អាស៊ីអាគ្នេយ៍ដែលនឹងមានករប្រកួតប្រជែងខ្លាំងជាងមុន ព្រមទាំងបានរិះគន់គម្រោងស្ពានអាកាសភ្ជាប់សមុទ្ររបស់ថៃថា “អប្រសិទ្ធភាព” នេះបើយោងតាម  Asia.nikkei ចុះថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤។

Port Klang ដែលជាកំពង់ផែធំជាងគេទី១២ របស់ពិភពលោក និងទីពីរបន្ទាប់ពីប្រទេសសិង្ហបុរីនៅអាស៊ីអាគ្នេយ៍គិតត្រឹមឆ្នាំ ២០២១ គ្រោងនឹងបង្កើនសមត្ថភាពប្រចាំឆ្នាំរបស់ខ្លួនពី ១៤លាន TEU (ប្រហែល ៨៥,៤ លានម៉ែត្រនៃសមត្ថភាពកុងទីន័រ) ទៅដល់ ២៧ TEU ដែលនឹងដំណើរការប្រតិបត្តិការដោយក្រុមហ៊ុន Westports Holdings។

លោក Ruben Emir Gnanalingam ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Westports បានប្រាប់ Nikkei Asia ក្នុងបទសម្ភាសន៍មួយថា “ការពង្រីកកំពង់ផែទាំងមូល នឹងចំណាយពេលជាង ៤០ឆ្នាំ គិតពីឆ្នាំ ២០២៤នេះទៅ។ ប្រភពហិរញ្ញវត្ថុ ភាគច្រើនបានមកពី មូលនិធិ ផ្ទៃក្នុងជាមុនសិន ហើយបន្ទាប់មកយើងបានបង្កើនកម្មវិធី sukuk (មូលបណ្ណហិរញ្ញវត្ថុឥស្លាម) របស់យើង ដែលមានទំហំទឹកប្រាក់រហូតដល់ប្រហែល ៥ពាន់លានរីងហ្គីត (១,០៥៥ពាន់លានដុល្លារ)។”

ក្រុមហ៊ុន​ Westports គឺជាប្រតិបត្តិករកំពង់ផែដ៏លេចធ្លោមួយនៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងប្រាក់ចំណេញសុទ្ធរបស់ខ្លួនបានកើនឡើង ១១% ដល់ ១៦៧,៥៣លានដុល្លារ ក្នុងឆ្នាំ២០២៣។ ក្នុងខែធ្នូ ក្រុមហ៊ុន Westports បានពង្រីករយៈពេលសម្បទាននៅកំពង់ផែ Klang ដល់ទៅ ៥៨ ឆ្នាំ ចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៨២។

ជាមួយនឹងគម្រោងពង្រីកផែនេះ លោក Gnanalingam បានកត់សម្គាល់ពីការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីប្រទេសជិតខាងតាមច្រកសមុទ្រម៉ាឡាកា ដូចជាសិង្ហបុរី និងថៃជាដើម។ ឧទាហរណ៍ គម្រោងពង្រីកកំពង់ផែថ្មី Tuas របស់សិង្ហបុរី ត្រូវបានបើកប្រតិបត្តិការជាផ្លូវការនៅឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០៤០ ជាមួយនឹងសមត្ថភាពផ្ទុកនិងផ្ទេរទំនិញបាន ៦៥លាន TEUs (ខណៈម៉ាឡេស៊ីមានសមត្ថភាពត្រឹម ១៤លាន TEU) ជារៀងរាល់ឆ្នាំ។

លោក Gnanalingam បានមានប្រសាសន៍ថា “យើងបានប្រកួតប្រជែងជាមួយសិង្ហបុរី និងថៃ អស់រយៈពេល ៣០ឆ្នាំមកហើយ។ វាមិនមានអ្វីប្លែកទេនៅពេលខាងមុខ។ យើងមានគុណសម្បត្តិរបស់យើង ពួកគេមានគុណសម្បត្តិរបស់ពួកគេ” ។ លោកថែមទាំងបានសង្កត់ធ្ងន់ថា តម្លៃសេវានៅកំពង់ផែនៅក្នុងប្រទេសម៉ាឡេស៊ីមានតម្លៃសមរម្យជាងគូប្រជែងមួយចំនួន ក្នុងលក្ខខណ្ឌតម្លៃក្នុងមួយកុងតឺន័រ។

ទាក់ទងនឹងសំណើគម្រោងស្ពានអាកាសភ្ជាប់សមុទ្ររបស់ប្រទេសថៃ ដែលធ្លាប់មានការលើកឡើងថាអាចផ្លាស់ប្តូរបរិបទផ្នែកដឹកជញ្ជូននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រសិនបើសម្រេចបានមែននោះ លោក Gnanalingam បាននិយាយថា គម្រោង (របស់ថៃ) នេះមិនមានឥទ្ធិពលអ្វីមកលើចរន្តផ្ទុកនិងផ្ទេរទំនិញនៅម៉ាឡេស៊ីទេ ហើយគ្មាននរណាម្នាក់ក្នុងចំណោមអតិថិជនរបស់គាត់ហាក់ដូចជាចាប់អារម្មណ៍ខ្លាំងចំពោះគម្រោងថ្មីរបស់ថៃនោះដែរ។

លោកថែមទាំងបានបញ្ចេញទស្សនៈចំពោះគម្រោងស្ពានភ្ជាប់សមុទ្ររបស់ថៃថា “គំនិតដែលចង់ប្រើស្ពានអាកាសជាមធ្យោបាយនៃការដឹកជញ្ជូន គឺវាមិនសមហេតុផលទាំងស្រុងតែម្តង។ បើយើងគិតពីពេលវេលាដែលត្រូវការដើម្បីដាក់ទំនិញចុះពីសមុទ្រម្ខាង ហើយត្រូវដឹកជញ្ជូនឆ្លងកាត់ដីគោក និងត្រូវរៀបចំផ្ទុកទំនិញឡើងវិញម្តងទៀតនៅឯសមុទ្រម្ខាងទៀតនោះ វានឹងចំណាយពេលពី ៧ ទៅ ៨ ថ្ងៃ ដូច្នេះបើនិយាយពីការសន្សំពេលវេលា គឺជាការខាតបង់តែម្តង។ ម្យ៉ាងទៀត ថ្លៃចំណាយលើការដាក់ទំនិញចុះនិងផ្ទុកទំនិញឡើងវិញ គឺវាអស់ថ្លៃជាងកប៉ាល់ដែលធ្វើដំណើរជុំវិញឧបទ្វីបនៅតំបន់ម៉ាឡាកានេះទៅទៀត។”

“បើមើលពីជ្រុងនិរន្តរភាពសេដ្ឋកិច្ចវិញ ការបំភាយកាបូន តាមរយៈការលើកដាក់ទំនិញចុះឡើងច្រើនដងពេក គឺខ្ពស់ជាងការសន្សំសំចៃតាមរយៈការដឹកជញ្ជូនតាមផ្លូវសមុទ្រឆ្ងាយណាស់។ គ្មានអតិថិជនរបស់យើងណាម្នាក់ចាប់អារម្មណ៍ពីគម្រោងនេះទេ ពីព្រោះវាធ្វើឱ្យគេមិនអាចសន្សំសំចៃពេលវេលា ថ្លៃចំណាយ និងការកាត់បន្ថយការបំភាយកាបូនបាន។”

គួររំលឹកថា កំពង់ផែ Klang ដែលកំពុងគ្រោងនឹងពង្រីកនេះ ជាមជ្ឈមណ្ឌលពស្តុភារដ៏សំខាន់មួយឆ្លុះបញ្ចាំងពីជំហររបស់ប្រទេសម៉ាឡេស៊ីក្នុងតួនាទីជាមជ្ឈមណ្ឌលផលិតកម្ម និងទំនិញមួយរបស់អាស៊ី ដោយគ្រប់គ្រងលើផលិតផលរាប់រយមុខរាប់តាំងពីទំនិញប្រភេទគ្រឿងអេឡិចត្រូនិក និងប្រេងដូងរហូតដល់គីមីឥន្ធនៈ និងរថយន្តផងដែរ។ ទីតាំងយុទ្ធសាស្ត្ររបស់វានៅតាមបណ្តោយច្រកសមុទ្រម៉ាឡាកា គឺជាអត្ថប្រយោជន៍ដ៏សំខាន់មួយ ដោយសារតែកំពង់ផែនេះ នៅជិតផ្លូវដឹកជញ្ជូនសំខាន់ក្នុងតំបន់អាស៊ី និងមានសមត្ថភាព ផ្ទុកកប៉ាល់ធំៗបាន ដោយសារជាកំពង់ផែសមុទ្រទឹកជ្រៅ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]