រដ្ឋកំណត់យកទីតាំងសំខាន់ៗក្នុងខេត្តក្រុងចំនួន៥ ដើម្បីត្រៀមរៀបចំកីឡាស៊ីហ្គេម ២០២៣
រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្ញួនរួចរាល់ហើយដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រដ្ឋបានកំណត់យកទីតាំងក្នុងខេត្តក្រុងចំនួន៥ ដើម្បីរៀបចំការប្រកួតកីឡាផ្សេងៗ។
នេះបើតាម ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកជាតិកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្គេមកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ តាមរយៈសារអេឡិចត្រូនិក នៅថ្ងៃទី១៩ កក្កដា ២០២២។
ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា ហេដ្ឋារចនាសម្ព័ន្ធកីឡា និងទីលានប្រកួតទាំងអស់ ត្រូវបានកំណត់ និងចែកចេញជាប្រាំតំបន់។ តំបន់ទីមួយ គឺនៅរាជធានីភ្នំពេញ មានពហុកីឡដ្ឋានជាតិមរតកតេជោ ពហុកីឡដ្ឋានជាតិអូឡាំពិក និងអគារពិព័រណ៌ជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC។ ចំណែកតំបន់បួនផ្សេងទៀតគឺស្ថិតនៅខេត្តសៀមរាប ខេត្តព្រះសីហុន ខេត្តកំពត និងខេត្តកែប។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា៖ “ទីលានទាំងអស់ត្រូវបានសាងសង់រួចរាល់អស់ហើយ នៅតែការជួសជុល កែលម្អបន្តិចបន្តួចទៀតតែប៉ុណ្ណោះ ហើយមិនមានតម្រូវឱ្យសង់កីឡដ្ឋានថ្មីទៀតដែរ”។
គួរម្លឹកផងដែរថា កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមថវិកាមួយកញ្ជាប់ធំសម្រាប់គម្រោងចំណាយដល់ទៅ ៣០លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយនេះ។

