រដ្ឋកំពុងពន្លឿនសង់ទីលានចាក់សំរាមស្តង់ដារនៅសៀមរាម ខណៈខេត្តនេះ១ថ្ងៃមានសំរាមជិត៦០០តោន

អាជ្ញាធរខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ កំពុងពន្លឿនការអនុវត្តគម្រោងសង់ទីលានចាក់សំរាមលក្ខណៈស្តង់ដារថ្មីមួយ នៅក្នុងស្រុកប្រាសាទបាគង ក្នុងខេត្តសៀមរាប ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកាកសំណល់(សំរាម) ជិត ៦០០តោន ជាប្រចំាថ្ងៃ។

នេះបើតាម កិច្ចប្រជុំស្តីពី “គម្រោងធ្វើឲ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា” ដែលដឹកនាំដោយ លោក ចាន់ ធន់ អគ្គនាយករងនៃ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប​ នៅថ្ងៃទី៤ មេសា ឆ្នាំ២០២៤។

នាឱកាសនោះ លោកអភិបាលរងបានលើកឡើងថា បញ្ហាកាកសំណល់(សំរាម) គឺជាសត្រូវដ៏អាក្រក់បំផុតរបស់បរិស្ថាន ដែលធ្វើឲ្យបាត់បង់នូវសោភណ្ឌភាពក្នុងទីក្រុង ទីប្រជុំជន និង ប៉ះពាល់ដល់សុខភាពរបស់យើងគ្រប់គ្នាថែមទៀតផង។

លោកបន្តទៀតថា បច្ចុប្បន្ននេះ ពលរដ្ឋក្នុងតំបន់ទីប្រជុំជនក្នុងខេត្តសៀមរាបអាចផលិតសំរាមចាប់ពី​ ៩០០ក្រាម ទៅ​ ១,២គីឡូក្រាម និង អ្នកនៅជនបទឆ្ងាយវិញ បានផលិតសំរាម ប្រមាណ ៣០០ក្រាម ក្នុងមួយនាក់ ខណៈដែលខេត្តមួយនេះមានប្រជាពលរដ្ឋសរុបជាង១លាននាក់ ដូច្នេះជារៀងរាល់ថ្ងៃមានសំរាមជិត ៦០០តោន ត្រូវបានផលិត។

ដោយមើលឃើញពីសន្ទុះនៃការកើនឡើងសំរាមយ៉ាងឆាប់រហ័សបែបនេះ ទើបនាំឱ្យមានការរៀបចំទីលានចាក់សំរាមថ្មីដែលមានលក្ខណៈស្តង់ដារ សម្រាប់ទុកដាក់ ញែក វេចខ្ចប់ សម្អាត ប្រមូល ដឹកជញ្ជូន ដោយមានប្រើប្រាស់និងកែច្នៃ ព្រមទាំងធ្វើប្រព្រឹត្តិកម្មតាមបច្ចេកវិទ្យាប្រកបដោយអនាម័យ និងសុវត្ថិភាពបរិស្ថានផងដែរ។

គួររម្លឹកថា បច្ចុប្បន្ន ខេត្តសៀមរាបមានទីលានចាក់សំរាម ២កន្លែងរួចហើយ ដែលស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ ក្នុងនោះ មានមួយកន្លែងមានទំហំជិត ៨ហិកតា ដែលវិនិយោគដោយក្រុមហ៊ុន ហ្គាអ៊ែរ (Gaea) និងមួយកន្លែងទៀតវិនិយោគដោយក្រុមហ៊ុន ស៊ិនទ្រី។ ប៉ុន្តែទីលានទាំងពីរនោះជាទីលានចំហ និងមិនទាន់ផ្តោតលើលក្ខណៈបច្ចេកទេសត្រឹមត្រូវទេ ទើបក្រសួង និងអាជ្ញាធរខេត្ត ត្រូវរៀបចំទីតាំងចាក់សំរាមថ្មីមួយកន្លែងទៀត ដែលមានលក្ខណៈបច្ចេកទេស ស្ដង់ដារ និងអនាម័យ ដែលមានទីតាំងនៅស្រុកប្រាសាទបាគង ក្រោមការគាំទ្រពីធនាគារពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]