រដ្ឋគ្រោងកែលម្អមហាវិថី ០២នៅរាជធានីភ្នំពេញ ដោយប្រើប្រាស់បច្ចេកវិទ្យា AI
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងនឹងរៀបចំកែលម្អមហាវិថីចំនួន២ នៅរាជធានីភ្នំពេញ គឺមហាវិថីព្រះនរោត្តម និងមហាវិថីព្រះស៊ីសុវត្ថិ ឱ្យប្រសើរឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា អេអាយ(AI)។
នេះបើតាមការលើកឡើងរបស់ឯកឧត្តម លាង មុនីរឹទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នរូបនីយកម្ម និងសំណង់ ក្នុងសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះ។
នៅក្នុងសិក្ខាសាលានេះ លោក ប្រេន វុង(Brian Wong) អ្នកជំនាញស្ថាបត្យកម្មមកពីប្រទេសសិង្ហបុរី បានលើកយកពីបទពិសោធន៍នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសសិង្ហបុរី មកចែកជូនដល់អ្នកជំនាញ និងអ្នកចូលរួមកម្ពុជារាប់រយនាក់។
ទន្ទឹមនឹងនេះ លោក ស៊ីម តារា អ្នកជំនាញបញ្ញាសិប្បនិម្មិតកម្ពុជា បានធ្វើបទបង្ហាញអំពីសារសំខាន់នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដល់សិក្ខាកាមចូលរួមក្នុងពេលនោះផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថា តំបន់មួយចំនួនដែលស្ថិតនៅតាមមហាវិថីព្រះនរោត្តម និងមហាវិថីព្រះស៊ីសុវត្ថិ នឹងត្រូវធ្វើការសិក្សាសាកល្បងអភិវឌ្ឍន៍ និងកែលម្អលើកកម្ពស់សោភ័ណភាព តាមរយៈបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីឱ្យអេអាយ សាកល្បងមើលថាវានឹងត្រូវចេញរូបរាងបែបណា។
ពាក់ព័ន្ធនឹងការងារនគរូបនីយកម្មនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានលើកពីគម្រោងអភិវឌ្ឍន៍មហាវិថីក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរ ជាពិសេសចង់ឱ្យមានការរៀបចំមានផ្លូវដើរ ដើម្បីជំរុញឱ្យពលរដ្ឋក្នុងក្រុងភ្នំពេញដើរឱ្យបានច្រើន ដូចជា ដើរទៅធ្វើការ ដើរទៅផ្សារ ដើរទៅសាលារៀន ឬដើរហាត់ប្រាណជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កត្តានេះអាចបង្កជាយការកកស្ទះចរាចរណ៍ជាញឹកញាប់នៅក្នុងទីក្រុង ដោយហេតុថា ផ្លូវមួយចំនួននៅរាជធានីភ្នំពេញ មិនទាន់មានផ្លូវថ្មើរជើង ដែលធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនជិះម៉ូតូ និងរថយន្ត ច្រើនជាងជិះកង់ និងដើរ បើទោះបីជាទីកន្លែងត្រូវទៅនោះនៅជិតក៏ដោយ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវផែនការ និងយុទ្ធសាស្ត្រថ្មីៗជាបន្តបន្ទាប់ ដើម្បីរៀបចំក្រុងនានានៅទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋ ពោលគឺការរៀបចំក្រុងឱ្យពលរដ្ឋបញ្ចេញសកម្មភាពជាងមុន។
គួររំលឹកថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញធា្លប់បានលើកឡើងពីការកំណត់យកទីតាំងសំខាន់ៗចំនួន៣ ក្នុងរាជធានីភ្នំពេញ សម្រាប់រៀបចំជាផ្លូវថ្មើរជើង ឬ Pub street ដែលមានទំហំ៥៧ហិកតា នៅមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ហើយគ្រោងនឹងដាក់ដំណើរការឱ្យបានមុនចូលឆ្នាំសកលឆ្នាំ២០២៥។ (អានបន្ថែម)
- Video Advertisement -