រដ្ឋគ្រោងដំាដើមត្នោត ៣ម៉ឺនដើមថែមទៀតនៅតាមព្រំដែនកម្ពុជា-វៀតណាម ខណៈដាំបានជិត ២ម៉ឺនហើយ
ក្រសួងបរិស្ថាន គ្រោងដាំកូនត្នោត ៣ម៉ឺនដើមបន្ថែមទៀត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីដាំបានប្រមាណជិត ២ម៉ឺនដើមរួចហើយ ដែលជាអត្តសញ្ញាណជាតិ និងផលប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច រាប់តាំងពីគល់ដល់ស្លឹក។ នេះបើតាមវិទ្យុជាតិកម្ពុជា បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។
ប្រភពនេះ បានដកស្រង់សម្តីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា កូនត្នោតចំនួនជាង ៣ម៉ឺនដើមបន្ថែមទៀត នឹងផ្តល់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីខែសីហានេះ។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការដាំកូនត្នោត ជាការបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។(អានបន្ថែម)
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានបន្តថា ត្នោត គឺជាដើមរុក្ខជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោតនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សធនធានធម្មជាតិ ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។
ក្រៅពីខេត្តត្បូងឃ្មុំ អាជ្ញាធរខេត្តកំពត ក៏បានប្រកាសពីយុទ្ធនាការដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ ដែលស្ថិតនៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសឱ្យយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ព្រៃឈើ និងដើមត្នោត។ (អានបន្ថែម)
ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តកំពង់ស្ពឺ ក៏ធ្លាប់បានប្រកាសថា នឹងធ្វើការដាំដើមត្នោតរាប់ម៉ឺនដើមនៅអមសងខាងស្ទឹងព្រែកត្នោត និងអមតាមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅប្រទេសកម្ពុជា។ (អានបន្ថេម)
គួរបញ្ជាក់ថា ដើមត្នោត ត្រូវបានចាត់បញ្ចូលជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ កន្លងទៅ។
- Video Advertisement -