រដ្ឋចាប់ផ្តើមរៀបចំសំណង់ជុំវិញសារមន្ទីរទួលស្លែង សម្រាប់ជាគំរូដល់តំបន់អភិរក្សផ្សេងទៀតនៅកម្ពុជា
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមរៀបចំកំណត់សំណង់នៅជុំវិញសារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីដាក់ជាគំរូសម្រាប់អភិរក្សតំបន់ផ្សេងទៀតនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ថ្លែងក្នុងកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សំណង់នៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវតែគិតគូពិចារណាវែងឆ្ងាយ ដែលនឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបានបន្តទៀតថា រាល់សំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។
ទន្ទឹមនឹងនេះដែរ ក្រសួងរៀបចំដែនដី ត្រូវធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់អភិរក្សដទៃទៀតនៅទូទាំងប្រទេស។
គួរបញ្ជាក់ថា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជាគុកមួយក្នុងចំណោមគុកចំនួន ១៩៦ នៅទូទាំងកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រើប្រាស់ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកម្ទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។
មកទល់បច្ចុប្បន្ននេះ អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីស្មារតីនៃការចងចាំពិភពលោករបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។
កន្លងមក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក៏បានសម្រេចផ្តល់ថវិកាចំនួន ៣លានដុល្លារអាមេរិកដើម្បីធ្វើការអភិរក្សសារមន្ទីរទួលស្លែងជំហានទី២ មានរយៈពេល ៥ឆ្នាំ ដែលចាប់អនុវត្តក្នុងឆ្នាំ២០២៤ នេះតែម្តងផងដែរ។ (អានបន្ថែម)
- Video Advertisement -