រដ្ឋចាប់ផ្តើមសាកល្បងប្រព័ន្ធគ្រប់គ្រងសំរាមថ្មី(loT) ដើម្បីជំរុញការអនុវត្តគម្រោងទីក្រុងឆ្លាតវៃនៅសៀមរាប
រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមអនុវត្តគម្រោងទីក្រុងឆ្លាតវៃ ដោយធ្វើការសាកល្បងលើការគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអ៊ិនធើណេតនៃវត្ថុ( Internet of Thing ឬ IoT) នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់រដ្ឋបាលខេត្ត បានផុសផ្សាយកាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ។
ប្រភពដដែលនេះ បានឱ្យដឹងថា លោក យុន លីនណេ អភិបាលរងខេត្ត បានផ្តល់ធុងសំរាមដល់សង្កាត់ស្លក្រាម ដើម្បីអនុវត្តគម្រោងខាងលើនេះ ក្នុងការពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនកាកសំណល់ ដោយប្រើកម្មវិធីទូរស័ព្ទ ដែលមានឈ្មោះថា “ សៀមរាបស្អាត និងឆ្លាត (Smart Clean Siem Reap)” ដែលជាជំហានដំបូងក្នុងការកែប្រែការគ្រប់គ្រងកាកសំណល់ឆ្លាតវៃក្នុងក្រុងសៀមរាប។
គម្រោងខាងលើនេះ ត្រូវបានសិក្សាបឋមកាលពីឆ្នាំ២០២៣ ដែលមានឈ្មោះថា “ការអង្កេតពេលវេលា និងសកម្មភាណប្រមូលសំរាម (Time and Motion Survey)” នៅតំបន់គោលដៅ។
ជាលទ្ធផលនៃការសិក្សា បានបង្ហាញឱ្យដឹងថា មានកង្វះខាតក្នុងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម ដោយសារពលរដ្ឋប្រើធុងសំរាមច្រើនខ្នាត ច្រើនទំហំមិនស្មើគ្នា ហើយខ្វះព័ត៌មានច្បាស់អំពីកាលវិភាគប្រមូល ដែលធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពគ្រប់គ្រងកាកសំណល់។
ក្រោយមក ដោយមានកិច្ចសហការជាមួយដៃគូ ជាពិសេសជាមួយអង្គការ GIZ និងក្រុមហ៊ុនហ្កាអ៊ីយ៉ា គម្រោងនេះ បានផ្តើមអនុវត្តដោយប្រើធុងសំរាមដែលមានទំហំ ខ្នាតដូចគ្នា ដោយរួមបញ្ចូលគ្នាជាមួយកម្មវិធី (App) “សៀមរាបស្អាត និងឆ្លាត” អាចធ្វើឱ្យអ្នកប្រើប្រាស់អាចទទួលដំណឹងអំពីកាលវិភាគប្រមូលសំរាមរៀងរាល់សប្ដាហ៍ ដើម្បីអាចរៀបចំសំរាមទាន់ពេលវេលា។
បន្ថែមពីនេះ ជាមួយនឹងកម្មវិធី (App) នេះដែរ ក្រុមហ៊ុនប្រមូលសំរាម អាចពិនិត្យស្ថានភាពតាមសមកាល (Real-time) ដែលបង្កភាពងាយស្រួលគ្រប់គ្រងការងារប្រមូលសំរាមក្នុងក្រុងសៀមរាប។
គួរបញ្ជាក់ថា ខេត្តសៀមរាប មានការអនុវត្តគម្រោងសាកល្បងចំនួន៨ ដើម្បីសាកល្បងអនុវត្តកិច្ចការទីក្រុងឆ្លាតនានា ដែលក្នុងនោះ ទីភ្នាក់ងារចៃកា បានចាប់ផ្ដើមគម្រោងទីក្រុងឆ្លាតដែលមានឈ្មោះថា “គម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ( គម្រោងទីក្រុងឆ្លាត)” បាននិងកំពុងអនុវត្តតាំងពីឆ្នាំ២០២២ រហូតមក ដោយសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងដៃគូជាច្រើនទៀត។ (អានបន្ថែម)
- Video Advertisement -