រដ្ឋចេញវិធានការក្ដៅបង្រ្កាបការតភ្ជាប់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ តាមខេត្តព្រំដែន

រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងថ្មីមួយ ដើម្បីបង្ការ និងបង្រា្កបការសាងសង់ ឬតភ្ជាប់ប្រព័ន្ធទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ ក្រោយរកឃើញថាមានសកម្មភាពនេះកើតឡើងជាបន្តបន្ទាប់នៅតាមខេត្តជាប់តាមព្រំដែន។

បើតាមសេចក្តីសម្រេច ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារនេះ មានសមាជិកសរុបចំនួន២៩ រូប ដែលមានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធាន និងមានសមាជិកភាគច្រើនជាអភិបាលរងខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែន។

ក្រុមការងារនេះ មានភារកិច្ចចម្បងៗដូចជា -ស្រាវជ្រាវ បង្ការ និងបង្ក្រាបការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ -បង្វែប្រព័ន្ធទូរគមនាគមន៍អន្តរជាតិនៅតាមព្រំដែនឱ្យមកឆ្លងកាត់ច្រកទ្វារអ៊ីនធឺណែតជាតិវិញ និង ធ្វើការជាមួយបណ្តាប្រទេសជាប់ព្រំដែនដើម្បីពង្រឹងការងារគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍។

ទាក់ទិននឹងប្រព័ន្ធទូរគមនាគមន៍ ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញវិធានការថ្មី ៦ចំណុច ទិសដៅពង្រឹងគុណភាពសេវាទូរសព្ទ និងអ៊ីនធឺណែតនៅតាមបូរី និងអគារសហកម្មសិទ្ធិនានា ពិសេសហាមដាច់ខាតមិនឱ្យមានការផ្ដល់សេវាផ្ដាច់មុខឡើយ។ (អានបន្ថែម)

- Video Advertisement -