រដ្ឋជំរុញបង្កើតរោងចក្រច្នៃកាកសំណល់ ខណៈកម្ពុជាមានកាកសំណល់ជាង ៤លានតោនក្នុងមួយឆ្នាំ
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានជំរុញ និងលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនបង្កើតរោងចក្រកែច្នៃកាកសំណល់នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ខណៈក្នុងមួយឆ្នាំៗកម្ពុជាមានកាកសំណល់ចំនួនជាង ៤លានតោន។ នេះបើតាមការថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្តីពី3R និងសេដ្ឋកិច្ចវិលជុំ នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្ដសៀមរាប។
ឯកឧត្តមបានឱ្យដឹងថា សំរាមនៅបណ្តាប្រទេសមួយចំនួនគេបានយកទៅធ្វើការកែច្នៃស្ទើរតែទាំងអស់។
ឯកឧត្តមបន្ត ការកែច្នៃសំរាមឡើងវិញបានចូលរួមចំណែកក្នុងការកាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថានផង និងជួយធនធាននៅលើភពផែនដីមាននិរន្តរភាពផង។
ជាមួយគ្នានេះដែរ ឯកឧត្តមបានបញ្ជាក់ទៀតថា «យើងជំរុញលើកទឹកចិត្តដល់អ្នកមានធនធានដើមទុនគួរចូលរួមបន្ថែមទៀត ក្នុងការជំរុញការកែច្នៃសំរាមនៅក្នុងប្រទេស ខណៈមួយថ្ងៃៗយើងមានសំរាមជាងមួយម៉ឺនតោន ហើយមួយឆ្នាំមានជាង ៤លានតោន។ បច្ចុប្បន្ននេះសំណល់ត្រឹមតែ៥០% ទៅ៧០% ដែលប្រមូលហើយយកទៅចាក់ចោលនៅទីលាន»។ (អានបន្ថែម)
កន្លងមក កម្ពុជាមានក្រុមហ៊ុនដែលទទួលបានសិទ្ធិពីក្រសួងបរិស្ថានពាក់ព័ន្ធនឹងការប្រមូលកាកសំណល់គ្រឿងអេឡិចត្រូនិក ដូចជាកុំព្យូទ័រ ទូរស័ព្ទចាស់ៗ ថ្មពិល និងក្រុមហ៊ុន ដែលបានកែច្នៃធ្វើឥដ្ឋ ដោយយកប្លាស្ទិកបញ្ចូលនឹងសារធាតុផ្សេងបញ្ចូលគ្នាបានក្លាយជាឥដ្ឋ។
ទន្ទឹមនេះដែរ ក៏មានក្រុមហ៊ុនដែលធ្វើការកែច្នៃកាកសំណល់ និងការផលិតចានអេកូ ដែលធ្វើពីដើមចេក និងការបង្កើតជីកំប៉ុសដែលធ្វើពីអាចម៍ជន្លេនផងដែរ។
បើតាមឯកឧត្តម នេត្រ ភក្ត្រា បច្ចុប្បន្ននេះ ការកែច្នៃកាកសំណល់នៅកម្ពុជា នៅមានកម្រិតនៅឡើយ ដែលមានប្រមាណពី១០% ទៅ១៥% តែប៉ុណ្ណោះ។
គួររម្លឹកថា ដើម្បីគ្រប់គ្រងកាកសំណល់រឹង និងសំណល់ប្លាស្ទិក ធនាគារពិភពលោក បានផ្តល់កម្ចីប្រមាណ ៦០លានដុល្លារដល់កម្ពុជា ដែលពេលនេះភាគីពាក់ព័ន្ធកំពុងរៀបចំឯកសារបច្ចេកទេសពាក់ព័ន្ធក្នុងការអនុវត្តគម្រោងនេះ។ (អានបន្ថែម)
- Video Advertisement -