រដ្ឋបង្ហើបថា គម្រោងសង់កំពង់ផែរណប ៧ តាមដងទន្លេ នឹងចំណាយប្រមាណ ៧០ លានដុល្លារ

ការសាងសង់កំពង់ផែរណបតាមដងទន្លេចំនួន ៧ ដែលបានគ្រោងទុក អាចនឹងត្រូវចំណាយថវិកាប្រមាណ៧០ លានដុល្លារ ជារួម ឬប្រមាណ ១០លានដុល្លារសម្រាប់កំពង់ផែមួយ ដែលទុនវិនិយោគគឺប្រែប្រួលអាស្រ័យលើស្ថានភាព និងទីតាំងនៃកំពង់ផែនីមួយៗ។

ឯកឧត្តម ហ៊ី ប៉ាវី អគ្គនាយកកំពង់ផែស្វ័យតភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ថា កំពង់ផែចំនួន ៤ ក្នុងចំណោមកំពង់ផែរណបដែលបានគ្រោងទុកទាំង ៧ កំពុងស្ថិតក្នុងការសាងសង់ហើយ។

ឯកឧត្តម បញ្ជាក់ថា ការសាងសង់កំពង់រណបនេះ គឺជាការវិនិយោគរបស់វិស័យឯកជនសហការជាមួយកំពង់ផែស្វ័យតភ្នំពេញ ដោយថវិកាសាងសង់បានមកពីវិស័យឯកជន និងដីសម្រាប់សាងសង់ជារបស់កំពង់ផែស្វ័យ ភ្នំពេញ។

ឯកឧត្តម ហ៊ី ប៉ាវី ថ្លែងថា៖ «ទាក់ទងនឹងទុនវិនិយោគសាងសង់ អាចនឹងមានចំនួនខុសគ្នា ប៉ុន្តែក្នុងប្រមាណជា ១០លានដុល្លារ តម្លៃទៅតាមកន្លែងខ្លះ លើសពី១០លានដុល្លារ កន្លែងខ្លះអាចទាបជាង១០លានដុល្លារ ទៅតាមភូមិសាស្រ្តជាក់ស្តែង«។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថាកំពង់ផែរណបតាមដងទន្លេមេគង្គ និងទន្លេសាប គឺដើម្បីសម្រួលដឹកទំនិញ តាមបណ្តាខេត្ត ចូលទៅកំពង់ផែភ្នំពេញ ដើម្បីនាំចេញ។

គួរបញ្ជាក់ថា គម្រោងចំណតផែរណបទាំង៧ ទីតាំងនោះរួមមាន ចំណតផែរណបពហុបំណងកោះរកា (LM២៦), ចំណតផែនកុងតឺន័រ LM១៧, ចំណតផែរពនពហុបំណងព្រែកអញ្ចាញ (UM១), ចំណតផែរណបពហុបំណងទន្លេបិទ (UN២), ចំណតផែនរណបពហុបំណងឆ្លូង (ក្រចេះ), ចំណតផែរណបពហុបំណងកំពង់ឆ្នាំង និងចំណតផែរណបពហុបំណងព្រែកក្តាម៕

- Video Advertisement -