រដ្ឋបើកការដ្ឋានសាងសង់ផ្លូវ ៣ខ្សែប្រវែងជាង ៩៨គ.ម តម្លៃ ៤០លានដុល្លារ នៅក្រចេះ
គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែ ក្នុងខេត្តក្រចេះជាង ៩៨គ.ម ត្រូវបានប្រកាសបើកការដ្ឋានហើយ។ នេះបើតាមពិធីប្រកាសបើកការដ្ឋានកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
គម្រោងនេះ នឹងត្រូវជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ដោយមានប្រវែងសរុប ៩៨,៤គីឡូម៉ែត្រ ដោយគ្រោងចំណាយពេល ១៨ខែ និងថវិកាប្រមាណ ៤០លានដុល្លារ។
ផ្លូវទាំង ៣ខ្សែនេះរួមមាន៖
- កំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង ១០-១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន)
- ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តទាំង ២ខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ – ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧)។
ការលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំង៣ខ្សែនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ជាពិសេសការប្រឈមនឹងគ្រោះទឹកជំនន់ ដែលបង្កឡើងនៅរៀងរាល់រដូវវស្សា។
បន្ថែមពីនេះ កំណាត់ផ្លូវទាំង៣ខ្សែនេះ ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិសំខាន់ផ្សេងៗ ឆ្ពោះទៅកាន់រាជធានី និងខេត្តភាគឦសាន និងទៅកាន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច និងតំបន់ព្រំដែនរបស់កម្ពុជាយើង។
គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧៣ ត្រូវសាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture ដោយឡែកផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd គ្រោងចំណាយរយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៦០ខែដូចគ្នា និងចំណាយថវិកាសាងសង់សរុបប្រមាណ៤០លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ក្នុងនោះរួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ។
- Video Advertisement -