រដ្ឋបើកដំណើរការសហគមន៍ទេសចរណ៍ភូមិវត្តបូព៌នៅសៀមរាប ដែលទើបជាប់ជាភូមិដ៏សែនមនោរម្យទី៣ លើ លោក
អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងសៀមរាប ខណៈភូមិនេះជាប់ជាទីតាំងដ៏សែនមនោរម្យឈរលេខរៀងទី៣ លើពិភពលោក។
អាជ្ញាធរខេត្ត បានចាប់ផ្តើមគម្រោងនេះ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ អង្គភាព និងបងប្អូនប្រជាពលរដ្ឋ។
នាឱកាសនោះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ភូមិវត្តបូព៌ទាំងមូលបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេសប្រចាំឆ្នាំ២០២២ និងបានធ្វើផ្សព្វផ្សាយបន្តដោយ CNN។
ប្រភពខាងលើ បានសរសេររៀបរាប់ពីយ៉ាងលម្អិតពីសកម្មភាព ដែលទេសចរគួរធ្វើនៅភូមិវត្តបូព៌ ដែលជាកន្លែងផ្សារភ្ជាប់នឹងវប្បធម៌ដ៏ចំណាស់របស់ខេត្តសៀមរាប ជាពិសេសសំណង់ស្ថាបត្យកម្មដ៏ចំណាស់របស់វត្តរាជបូព៌តែម្តង។
គួរបញ្ជាក់ទៀតថា វត្តបូព៌គឺជាទីអារាមមួយនេះដែលបាននឹងកំពុងសាងសង់នូវសារៈមន្ទីរ តម្កល់វត្ថុបុរាណសរុបប្រមាណ ២.៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។
បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានបន្តថា ដោយសារមានលក្ខណៈអំណោយផលបែបនេះ រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការរបស់ GIZ និងប្រតិបត្តិករទេសចរណ៍ អាជីវករ បានសម្រេចបង្កើតគម្រោងសហគមន៍ភូមិវត្តបូព៌ថ្មីនេះឡើង ដោយជ្រើសយកកំណាត់ផ្លូវលេខ ២៦ សម្រាប់ជាគម្រោងសាកល្បង ដែលផ្តោតសំខាន់លើបរិស្ថានបៃតង សុខសុវត្ថិភាព និងមិនឱ្យមានការរំខានដោយសំឡេង ជាពិសេសត្រូវ រក្សាឱ្យបាននូវតម្លៃវប្បធម៌ និងប្រពៃណីដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា ក៏ដូចជាមកស្នាក់នៅក្នុងខេត្តសៀមរាប។
គួរបញ្ជាក់ថា ការដាក់ឱ្យដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ខាងលើនេះ មានការតាំងពិពណ៌អាហារយ៉ាងសម្បូរបែប ការសម្តែងពីក្រុមសិល្បៈករខ្មែរ និងបរទេស (រយៈពេល ២ថ្ងៃ ថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៤) នៅសង្កាត់សាលាកំរើក ក្រុងសៀមរាបដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងសៀមរាប ដោយផ្តើមចេញពីផ្លូវលេខ២៦ នៃភូមិវត្តបូព៌។


- Video Advertisement -