រដ្ឋបើកយុទ្ធនាការពិសេសចុះកំណត់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់អប្សរាខេត្តសៀមរាប
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមពិធីបើកយុទ្ធនាការកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
ជាមួយគ្នានេះដែរ បើតាមរដ្ឋបាលខេត្តសៀមរាប ការចុះវាស់វែងនេះ ប្រព្រឹត្តទៅតែរយៈពេល ១៥ថ្ងៃតែប៉ុណ្ណោះ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហានេះតទៅ។
បន្ថែមពីនេះ ក្រុមការងារចំនួន ៣២ក្រុម នឹងចុះអនុវត្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន និងកាន់កាប់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យបានយល់ច្បាប់អំពីតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិមនុស្សជាតិ។
ក្រុមការងារទាំងនេះ នឹងប្រមូលទិន្នន័យ និងបច្ចេកទេសនៃការវាស់វែង ព្រមទាំងចុះបញ្ជីក្បាលដីទាំងនោះឱ្យបានច្បាស់លាស់ ដើមី្បធានាដល់ការកាន់កាប់គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាពេលអនាគត។
ទន្ទឹមនឹងនេះផងដែរថ្មីៗនេះ រដ្ឋបានអនុវត្តច្បាប់សំណង់យ៉ាងម៊ឺងម៉ាត់ចំពោះមេការសំណង់ម្នាក់ នៅខណ្ឌសែនសុខ ដែលធ្វេសប្រហែសធ្វើឱ្យរន្ទាប្លង់សេដួលរលំលើមនុស្សស្លាប់។ (អានបន្ថែម)

