រដ្ឋប្រកាសកែសម្រួលទំហំផ្ទៃដីខេត្តកណ្ដាល ក្រោយមានការកាត់ដីបញ្ចូលបន្ថែមពីរាជធានីខេត្តចំនួន២
រដ្ឋបាលខេត្តកណ្តាល បានកែសម្រួលទំហំផ្ទៃដីរបស់ខេត្ត ក្រោយទទួលបានការកាត់ផ្ទៃដីខ្លះចេញពីរាជធានីភ្នំពេញ និងខេត្តតាកែវ ដាក់បញ្ជូលឱ្យអាជ្ញាធរខេត្តកណ្តាលជាអ្នកគ្រប់គ្រងវិញ ដោយបច្ចុប្បន្នខេត្តនេះមានទំហំផ្ទៃដីកើនឡើងដល់ទៅ ៣២៧៨,៤៨គីឡូម៉ែត្រក្រឡា។ នេះបើយោងតាមសេចក្តីជូនដំណឹងលេខ ១១៧១ សជណ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។
ប្រភពដដែល បានឱ្យដឹងថា ការប្រែប្រួលនេះ គឺដោយតែមានការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៥/៣៧៥ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយកាត់យកផ្ទៃដីទំហំ ២២៦ហិកតា ១.៩៤០ ម៉ែត្រការ៉េ (ដែលមានដីគោកទំហំ ១៨១ហិកតា ៥.០១៤ម៉ែត្រការ៉េ និងផ្ទៃទឹកទំហំ ៤៤ហិកតា ៦.៩២៦ម៉ែត្រការ៉េ) ពីភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ (អានបន្ថែម)
ទន្ទឹមនេះ ក៏មានការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តតាកែវ និងខេត្តកណ្តាល តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៥/៧៦០ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដោយកាត់យកផ្ទៃដីទំហំ ២.៤៧៥ហិកតា ៦.១៧៨ម៉ែត្រការ៉េ ពីឃុំព្រែកផ្ទាល និងឃុំគោកធ្លក នៃស្រុកអង្គរបុរី ខេត្តតាកែវ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយកំណត់យកស្ទឹងអង្គរបុរីជាខ្សែព្រំប្រទល់រដ្ឋបាល។
គួរបញ្ជាក់ថា ខេត្តកណ្តាល ជាខេត្តមួយដែលហ៊ុំព័ទ្ធរាជធានីភ្នំពេញ ដោយមានព្រំប្រទល់ខាងជើងជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ខាងត្បូងជាប់ប្រទេសវៀតណាម ខាងកើតជាប់ខេត្តព្រៃវែង ខាងលិចជាប់ខេត្តកំពង់ស្ពឺ និង ខេត្តតាកែវ ខណៈដែលនៅមុនឆ្នាំ២០២៥ ខេត្តកណ្តាល មានផ្ទៃដីទំហំត្រឹមតែ ៣.២៥១,៤៦គីឡូម៉ែត្រក្រឡា ប៉ុណ្ណោះ។

