រដ្ឋប្រកាសបើកដំណើរការសាកល្បងផ្លូវថ្មើរជើងថ្មីនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ នេះតទៅ!
អាជ្ញាធររាជធានីភ្នំពេញ នឹងបើកសាកល្បងគម្រោងផ្លូវថ្មើរជើង ( Walk Street ) តាមបណ្ដោយតិរវិថីព្រះស៊ីសុវត្ថិ រយៈពេល ០២ថ្ងៃក្នុង ១សប្តាហ៍ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។
បើតាមកិច្ចប្រជុំនេះ គម្រោងសាកល្បងផ្លូវនេះ នឹងដំណើរការតាមបណ្ដោយតិរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីមុខប្រៃសណីយ៍កម្ពុជា ពីផ្លូវលេខ៩៤ ដល់ផ្លូវលេខ២៤០) ដោយដំណើរការមួយសប្ដាហ៍២ថ្ងៃ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៨:០០ ដល់ម៉ោង២៣:០០។
គួរបញ្ជាក់ថា កន្លងទៅ អាជ្ញាធររាជធានីភ្នំពេញ បានកំណត់បែងចែកជា ០៣តំបន់រួចហើយ ដើម្បីរៀបចំផ្លូវថ្មើរជើងរាជធានីភ្នំពេញដ៏ធំមិនធ្លាប់មានពីមុនមក រួមមាន៖
- ផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ៩៤-ខាងត្បូង៖ ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)
- ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ Pup street)
- ផ្លូវថ្មើរជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុ ខាងលិច៖ ផ្លូវលេខ០៧-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (រៀបចំជាតំបន់ លម្ហែកាយ)។ (អានបន្ថែម)
អាជ្ញាធររាជធានីភ្នំពេញរំពឹងថាគំនិតផ្តួចផ្តើម “ផ្លូវថ្មើរជើង”នេះ នឹងធ្វើឱ្យទីក្រុងមានរិតតែមានសោភ័ណភាពល្អ ពិសេសជំរុញនិងលើកកម្ពស់អាជីវកម្មក្នុងស្រុក។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ និងអ្នកទស្សនាត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការសាកល្បងដ៏រំភើបនេះ និងផ្តល់មតិកែលម្អ ដើម្បីជួយលើកកម្ពស់ទស្សនីយភាពនៃផ្លូវថ្មើរជើងថ្មីក្នុងរាជធានីភ្នំពេញ។
- Video Advertisement -