រដ្ឋប្រកាសសង់បន្ទប់ទឹកជិត ៤០កន្លែងបន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើងក្នុងរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីផែនការសាងសង់បន្ទប់ទឹកសាធារណៈចំនួន ៣៧បន្ទប់បន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើង (Walk Street) ក្នុងរាជធានីភ្នំពេញ ខណៈផ្លូវថ្មើរជើងដ៏ពេញនិយមមួយនេះ ទើបជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ក្នុងនាមជាទីក្រុងដែលមានទីប្រជុំជនពោរពេញដោយភាពរីករាយនៅពេលរាត្រី។
នេះបើតាមការចុះផ្សារលើបណ្ដាញសង្គមផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។
យោងតាមការណែនាំពី ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈការ និងដឹកជញ្ជូន គ្រោងនឹងសាងសង់បន្ទប់ទឹកសាធារណៈទាំង ៣៧ រួមមាន បន្ទប់ទឹកបុរស ២២ បន្ទប់ (បន្ទប់អង្គុយ ១០ និងបង្គន់ឈរ ១២), បន្ទប់ទឹកស្ត្រី ១៤បន្ទប់ និងបន្ទប់ទឹកសម្រាប់ជនពិការ ១បន្ទប់។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងជួសជុលច្រាំងទន្លេមួយផ្នែកប្រវែង ១៧២ម៉ែត្រ និងជម្រាលប្រវែង ២២ម៉ែត្រ បន្ថែមទៀត ដើម្បីលើកកម្ពស់សោភ័ណភាពតាមដងទន្លេ ដែលស្របនឹងផ្លូវថ្មើរជើងនេះផងដែរ។ គម្រោងជួសជុលច្រាំងទន្លេនេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១ខែប៉ុណ្ណោះ ខណៈការសាងសង់បន្ទប់ទឹកនឹងត្រូវចំណាយពេលប្រហែលជា ៣ខែឯណោះ។
បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គម្រោងទាំងពីរនេះ គឺធ្វើឡើងដើម្បីត្រៀមលក្ខណៈទទួលភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅតំបន់ Walk Street ក៏ដូចជាត្រៀមសម្រាប់ព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ ដោយធានាថា ភ្ញៀវទេសចរណ៍ទាំងអស់នឹងទទួលបាននូវបទពិសោធន៍ប្រកបដោយផាសុកភាព និងការស្វាគមន៍នៅតំបន់ Walk Street ដ៏ពេញនិយមមួយនេះ។
ការអភិវឌ្ឍន៍នេះមិនត្រឹមតែគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការកែលម្អសោភ័ណភាពសាធារណៈប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងពង្រឹងបរិយាកាសទាំងមូលនៃការកម្សាន្តនាពេលរាត្រីដ៏រស់រវើករបស់ទីក្រុងភ្នំពេញ ដោយទាក់ទាញទាំងអ្នករស់នៅក្នុងទីក្រុង និងទេសចរដទៃទៀតឱ្យមករីករាយនឹងអ្វីដែលបានផ្តល់ជូន។
- Video Advertisement -