រដ្ឋសភាអនុម័តថវិកាជាង ៨ពាន់លានដុល្លារសម្រាប់ការចំណាយរបស់ជាតិក្នុងឆ្នាំ ២០២០

រដ្ឋសភា បានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ប្រមាណ ៨,២ពាន់លានដុល្លារ សម្រាប់ការចំណាយឆ្នាំ២០២០ កាលពីថ្ងៃអង្គារ៍ ដែលមានកំណើន ២២ភាគរយ ធៀបទៅនឹងការចំណាយនៃច្បាប់ថវិកាជាតិឆ្នាំ២០១៩។

ការចំណាយសំខាន់ៗរបស់រដ្ឋាភិបាល ក្នុងឆ្នាំ២០២០ គឺទៅលើរដ្ឋបាលទូទៅ វិស័យការពារជាតិ និងវិស័យសង្គមកិច្ច។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

ដើម្បីឆ្លើយតបនឹងការចំណាយ រដ្ឋាភិបាលដាក់ទិសដៅបង្កើនចំណូល ប្រមាណ ៦,៥ ពាន់លានដុល្លារ ពោលគឺកើនឡើង២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។

ជាមួយគ្នានេះ រដ្ឋាភិបាលគ្រោងខ្ចីលុយពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ប្រមាណ ១,៨ពាន់លានដុល្លារ ដើម្បីយកមកបង្រ្គប់ការចំណាយចរន្ត សម្រាប់ឆ្នាំ២០២០។

ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងហេតុនៅក្នុងអង្គប្រជុំសភាថា ច្បាប់ថវិកាឆ្នាំ២០២០ មានសារសំខាន់ក្នុងការបន្តពង្រីងសន្តិភាព ស្ថិរភាពនិយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ ត្រូវប៉ាន់ស្មានថា អាចសម្រេចបានកំណើន ៧,១ភាគរយ ធៀបនឹង៧,៥ភាគរយ ក្នុងឆ្នាំ២០១៨។ ដោយឡែកកំណើននេះ ត្រូវបានព្យាករណ៍ថានឹងថយមកក្នុងអត្រា ៦,៥ភាគរយ ក្នុងឆ្នាំ២០២០៕

(រូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋសភា)

- Video Advertisement -