រដ្ឋសម្រចជោគជ័យក្នុងការសាកល្បងការហោះហើរសាកលើកដំបូងនៅព្រលានយន្តហោះតេជោ
អាកាសយានដ្ឋានអន្តរជាតិតេជោ បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ ទទួលភ្ញៀវទេសចរពីគ្រប់ទិសទីនៅលើពិភពលោក បន្ទាប់ពីបានបញ្ចប់ការហោះហើរសាកល្បងលើកដំបូងនូវប្រភេទយន្ដហោះ Airbus-320 សម្រេចបានដោយជោគជ័យ ទាំងដំណើរការបច្ចេកទេស និងការហោះហើរ។
នេះបើតាមឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបន្តថា បានបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះពាណិជ្ជកម្ម Airbus-320 បានសម្រេចប្រកបដោយភាពជោគជ័យ ទៅតាមផែនការដែលបានកំណត់ ហើយក្នុងនោះ ក៏មានការតេស្ដសាកល្បងចំនួនអ្នកដំណើរ ១០០នាក់ លើការ Check In និងអ្នកដំណើរ ១០០នាក់ទៀត សម្រាប់ Arival ដោយឆ្លងកាត់ការស្កេនវ៉ាលី និងនគរបាលអន្តោប្រវេសន៍ផងដែរ។
លើសពីនេះ ឯកឧត្តមថា ការធ្វើតេស្តសាកល្បង ចំពោះយន្តហោះពាណិជ្ជកម្ម AirBus-320 នេះ គឺតេស្តសាកល្បង ប្រៀបធៀបទៅលើព្រលានចាស់ និងព្រលានថ្មី ចំពោះប្រព័ន្ធនាំផ្លូវអាកាស, វិទ្យុទាក់ទង, ប្រព័ន្ធបញ្ជាហោះហើរ, ការចល័ត និងសម្ភារៈចេញចូលសម្រាប់អ្នកដំណើរផងដែរ។
គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២.៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
អាកាសយានដ្ឋានអន្តរជាតិតេជោនេះ នឹងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយរៀបចំពិធីសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត៕ (អានបន្ថែម)
ខណៈដែលអាកាសយានដ្ឋានរៀបចំខ្លួនស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ការហោះហើរសាកល្បងដ៏ជោគជ័យនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការលើកកម្ពស់ការតភ្ជាប់របស់កម្ពុជា និងកំណត់ទីតាំងវាឱ្យក្លាយជាតួអង្គគួរឱ្យកត់សម្គាល់នៅក្នុងទិដ្ឋភាពអាកាសចរណ៍ពិភពលោក។
- Video Advertisement -