រដ្ឋស្នើ ៥ចំណុច ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
គណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ បានបើកកិច្ចពិភាក្សាលើសំណើសំខាន់ចំនួន៥ ដើម្បីលើកកម្ពស់សោភណ័ភាព និងពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។
កិច្ចពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
ក្រសួងសាធារណការ បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើសំណើចំនួន៥ រួមមាន៖
១.សំណើរបស់តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ដើម្បីដាំដើមត្នោតតាមបណ្តោយផ្លូវល្បឿនលឿន
២.សំណើរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដាំដើមឈើសងខាងផ្លូវ
៣.សំណើរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការយកទិន្នន័យនិយាមកានៃគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
៤.សំណើរបស់ក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍នានានៅតាមស្ពានរំលងកាត់ទទឹងផ្លូវ និង
៥.សំណើរបស់អាជ្ញាធរមូលដ្ឋានខេត្តព្រះសីហនុ ឱ្យជួយសម្រួលរថយន្ត ម៉ូតូកង់៣ ដែលចតចាំដឹកអ្នកដំណើរនៅរង្វង់មូលច្រកចេញ-ចូល មានការកកស្ទះខ្លាំង។
អង្គប្រជុំ ក៏បានពិភាក្សាអំពីការពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿន និងការកកស្ទះនៅច្រកកំពង់សីលា និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
ក្រោយបញ្ចប់កិច្ចពិភាក្សានេះ ភាគីពាក់ព័ន្ធ បានដាក់ចេញជាគោលការណ៍ណែនាំ និងសេចក្តីសម្រេច ដើម្បីមានមូលដ្ឋានជាក់លាក់ ដោះស្រាយ និងឆ្លើយតបសំណើពីស្ថាប័នពាក់ព័ន្ធឱ្យបានឆាប់បំផុត។
គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ត្រូវបានសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់អតីតនាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ (អានបន្ថែម)
- Video Advertisement -