រដ្ឋាភិបាលកម្ពុជាកំណត់តំបន់អាទិភាពចំនួន៥ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់
រាជរដ្ឋាភិបាល បានកំណត់យកតំបន់អាទិភាពចំនួន៥ សម្រាប់រៀបចំផែនការមេក្នុងការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ស្របតាមការអភិវឌ្ឍក្រុង ទីប្រជុំជន តំបន់ជនបទ សហគមន៍ កំណើនប្រជាពលរដ្ឋ តម្រូវការនៃការសាងសង់ និងការប្រើប្រាស់ជាក់ស្តែង។ នេះបើតាមច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលទើបបានប្រកាសឱ្យប្រើ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន ១៦ជំពូក និង១១៣មាត្រា។
បើតាមច្បាប់នេះ តំបន់អាទិភាពទាំង៥ ដែលតម្រូវឱ្យរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ រួមមាន៖
១.តំបន់មានការត្រួតពិនិត្យការបំពុលទឹក
២.តំបន់ការពារគុណភាពទឹក និងបរិមាណទឹកនៅក្នុងតំបន់ធម្មជាតិ
៣.តំបន់អភិវឌ្ឍន៍ថ្មី ក្រុងថ្មី តំបន់សាងសង់បុរី តំបន់អាជីវកម្ម និងតំបន់រៀបចំដីឡូតិ៍ថ្មី
៤.តំបន់ ឬមណ្ឌលពាណិជ្ជកម្មនិងផលិតកម្ម តំបន់ទេសចរណ៍និងសេវាកម្ម
៥.តំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម ឬសួននវានុវត្តន៍ ឬតំបន់កសិឧស្សាហកម្ម។
ទន្ទឹមនឹងនេះដែរ ការរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ត្រូវផ្តោតលើចំណុចសំខាន់ដូចខាងក្រោម៖
- តំបន់គ្របដណ្តប់ប្រព័ន្ធទឹកកខ្វក់ និងលក្ខខណ្ឌដែលត្រូវធ្វើប្រព្រឹត្តកម្ម និងបង្ហូរចេញ
- ការតម្រង់ទិសគោលនយោបាយ និងយុទ្ធសាស្ត្រអនុវត្តសម្រាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងការពិពណ៌នាផែនការអនុវត្តលម្អិត
- ការលើកកម្ពស់គម្រោងពង្រីកប្រព័ន្ធទឹកកខ្វក់ក្នុងតំបន់នានា និងការពង្រីកវិសាលភាពរៀបចំឡើងវិញនៃប្រព័ន្ធលូ
- ការរៀបចំគម្រោង គំនូរប្លង់ រចនាសម្ព័ន្ធ និងសមត្ថភាពនៃឋបនីយភណ្ឌទឹកកខ្វក់
- ការសិក្សាស្ថានភាពទីតាំងរចនាសម្ព័ន្ធដែលមានស្រាប់ ឋានលេខាសាស្ត្រ លំហូរល្បាយ ចរន្ត ប្រភពទឹក និងលក្ខខណ្ឌធម្មជាតិផ្សេងទៀតដែលមានក្នុងតំបន់គម្រោង
- ការប្រើប្រាស់ដីនិងការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់
- ការកែលម្អ ឬការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទឹកកខ្វក់ និងការប្រើប្រាស់ទឹក
- ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងការបណ្តុះបណ្តាលធនធានមនុស្សដែលទាក់ទងនឹងការងារ ប្រព័ន្ធទឹកកខ្វក់
- ការប៉ាន់ស្មានតម្លៃនិងតម្រូវការចំណាយអនុវត្តគម្រោង រួមទាំងធ្វើវិភាគផលចំណេញ និងទិដ្ឋភាពពាក់ព័ន្ធផ្សេងទៀតលើការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់។
បន្ថែមពីនេះ ផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ត្រូវធ្វើការតាមដានត្រួតពិនិត្យ និងវាយតម្លៃឡើងវិញក្នុងរយៈពេលយ៉ាងយូរ ១០ឆ្នាំ។
ក្រៅពីនេះ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ត្រូវបានបែងចែកជា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ អាងចម្រោះទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតទ្រទ្រង់ឱ្យប្រព័ន្ធទឹកកខ្វក់។
ដោយឡែក ប្រព័ន្ធលូត្រូវបែងចែកជា បណ្តាញលូរួម និងបណ្តាញលូញែក តាមប្រភេទ និងទំហំបណ្តាញលូនីមួយៗ។
វិធីសាស្រ្តដ៏ទូលំទូលាយនេះមានគោលបំណងធានាថាប្រព័ន្ធគ្រប់គ្រងទឹកសំណល់របស់កម្ពុជាមានប្រសិទ្ធភាព និរន្តរភាព និងមានសមត្ថភាពគាំទ្រដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសជាតិ។
- Video Advertisement -