រដ្ឋាភិបាលកម្ពុជាត្រៀមថវិកា $១០០លាន បញ្ចប់ការងារចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៩
ក្នុងសកម្មភាពយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ រដ្ឋាភិបាលកម្ពុជាបានប្រកាសនូវកញ្ចប់ថវិកា ១០០លានដុល្លារ ក្នុងគោលបំណងបញ្ចប់ការងារចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៩។
នេះបើយោងតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេច បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីដែលជាផ្នែកមួយនៃគោលបំណងរបស់ខ្លួនក្នុងអាណត្តិទី៧នេះ។ វាជាជំហានដ៏សំខាន់ឆ្ពោះទៅរកការសម្រេចឱ្យបាននូវគោលដៅ ដោយរដ្ឋគ្រោងនឹងបណ្តុះបណ្តាលមន្ត្រីជាង ៥.០០០នាក់បន្ថែមទៀត ដើម្បីចុះធ្វើការវាស់វែងដីធ្លីនៅទូទាំងប្រទេសកម្ពុជា។
លើសពីនេះ នាយករដ្ឋមន្ត្រីបានជំរុញឱ្យថ្នាក់ដឹកនាំខេត្តត្រូវពន្លឿនការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីនៅឆ្នាំ២០២៩ ប្រជាពលរដ្ឋអាចប្រើប្រាស់ដីរបស់ខ្លួនឱ្យបានពេញលេញសម្រាប់គោលបំណងផ្សេងៗរបស់ពួកគាត់។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី មួយផ្នែកធំនៃគំនិតផ្តួចផ្តើមនេះបានដំណើរការរួចទៅហើយ។ គួរបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំ នៃអាណត្តិទី៧ ដោយគិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការងារការងារវាស់វែងដីធ្លីសម្រេចបាន ៣.១៤៤.៤៨៥ក្បាលដី ស្មើនឹង ៦៦,១៩% ដោយក្នុងនោះក្បាលដីនៅសល់មិនទាន់វាស់វែងមាន ១.៦០៥.៥២២ក្បាលដី ស្មើនឹង ៣៣,៨១% ដែលនឹងត្រូវវាស់វែងបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ។
លើសពីនេះទៅទៀត ក្រសួងបានបោះជំហានទៅមុខក្នុងការចេញប័ណ្ណកម្មសិទ្ធិ ដោយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងចេញបណ្ណបាន ១.០៣៤.៦២៤បណ្ណ ចុះបញ្ជីដីរដ្ឋតាមនិតិវិធីពិសេសបានចំនួន ៤៤បណ្ណ ត្រៀមចេញបណ្ណចំនួន ៤.៤២៣បណ្ណ ជូនពលរដ្ឋដែលចាកចេញពីបុរាណដ្ឋាន ក្នុងក្រុងសៀមរាប និងប្រាសាទបាគង និង ២៤បណ្ណ ជូនរដ្ឋ តំណាងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កម្ពុជាបានចុះបញ្ជីដីបានជាង ៧,៧ លានឡូត៍ដោយជោគជ័យ ដោយនៅសល់តែជាង ១,៥ លានប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ក្រសួងក៏ផ្តោតលើការបញ្ចប់ការចុះបញ្ជីដីរដ្ឋ ដីជាកម្មសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិច និងដីពាក់ព័ន្ធនឹងវត្តព្រះពុទ្ធសាសនាផងដែរ។(អានបន្ថែម)
- Video Advertisement -