រដ្ឋាភិបាលកម្ពុជានឹងចេញគោលនយោបាយលើកទឹកចិត្តការផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមនឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តពិសេស ដល់វិស័យឯកជនសម្រាប់អ្នកវិនិយោគលើខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំ ឬផលិតផលសម្រេចក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស ១០០%។
នេះបើតាមការថ្លែងរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចបានថ្លែងឱ្យដឹងបន្តថា គោលនយោបាយពិសេសនេះ ក៏ជាការកែសម្រួលនូវខ្សែចង្វាក់ផលិតកម្មរបស់កម្ពុជា ធានានូវការប្រែប្រួលនូវស្ថានភាពពាណិជ្ជកម្មលើពិភពលោក ខណៈដែលកម្ពុជាក៏ដូចជាប្រទេសក្នុងសកលលោកផ្សេងទៀត កំពុងជួបប្រទះការប្រែប្រួលភ្លាមៗ នៃគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មសហរដ្ឋអាមេរិក។
សម្តេចបានបន្ថែមថា កម្ពុជាពឹងផ្អែកទៅលើការនាំចេញច្រើន ដែលទាមទារឱ្យកម្ពុជាត្រូវពង្រឹង និងពិនិត្យវាយតម្លៃឡើងវិញ ហើយគោលនយោបាយលើកទឹកចិត្តពិសេសនេះ ជាការបត់បែនថ្មីរបស់កម្ពុជា ដែលទាមទារឱ្យរាជរដ្ឋាភិបាល ពិនិត្យវាយតម្លៃអំពីរចនាសម្ព័ន្ធផលិតកម្ម ដើម្បីទាក់ទាញការផលិតនៅក្នុងស្រុក ជាពិសេសធាតុផ្គុំឱ្យបានច្រើន។
ទន្ទឹមនឹងនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យវិស័យឯកជនទាក់ទាញដៃគូមកវិនិយោគ ក្នុងការផលិតខ្សែចង្វាក់នៃផលិតកម្មក្នុងស្រុកផ្គត់ផ្គង់ឱ្យឧស្សាហកម្មនាំចេញ។
សម្តេចធិបតី បានបញ្ជាក់ទៀតថា កម្ពុជាមានរោងចក្រកាត់ដេរដែលនាំចូលក្រណាត់ពីខាងក្រៅមកផលិតផលិតសម្រេច ហើយដើម្បីចៀសវាងការនាំចូល ១០០% បែបនេះ កម្ពុជានឹងដាក់ចេញគោលនយោបាយលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគផលិតក្រណាត់តែម្តងនៅកម្ពុជា ដែលអាចកាត់បន្ថយពីការនាំចូលពីក្រៅ តាមរយៈការផលិតក្នុងស្រុកបានប្រមាណ ២០-៣០-៤០% ផងដែរ។
ជាមួយនឹងវិធានការទាំងនេះ រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល ស្របពេលដែលជំរុញវិស័យផលិតកម្មក្នុងស្រុក។
- Video Advertisement -