រដ្ឋាភិបាលកម្ពុជាបើកយុទ្ធនាការសំអាតផ្លូវជាតិសំខាន់ៗ ដើម្បីលើកកម្ពស់សោភណភាពក្រុង
ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដើម្បីចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស។ នេះបើតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។
យុទ្ធនាការនេះ នឹងធ្វើការសំអាតផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១ ក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ។
បន្ថែមពីនេះ យុទ្ធនាការសំអាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការរស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង»។
ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យបានល្អ។
ក្រសួងក៏ស្នើឱ្យបន្តចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឆ្ពោះទៅជាចលនា គ្រប់ទីកន្លែងស្អាត ដើម្បីជំរុញភាពស្អាតរបស់កម្ពុជាបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាតផងដែរ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា បានកាត់បន្ថយការនាំចូលប្លាស្ទិកបានចំនួនជាង ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិក រាយប៉ាយតាមដងផ្លូវក្នុងខេត្តចំនួន១១ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣។
យុទ្ធនការនេះនឹងបន្ត ដើម្បីរៀបចំសម្អាតផ្ទះឱ្យបានស្អាត មានអនាម័យ ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ តាមរយៈការដាក់ចេញយុទ្ធនាការសំអាតផ្លូវជាតិ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។
នៅពេលដែលប្រទេសកម្ពុជាត្រៀមលក្ខណៈសម្រាប់គំនិតផ្តួចផ្តើមការសម្អាតប្រកបដោយមហិច្ឆិតានេះ ក្តីសង្ឃឹមគឺថាវានឹងមិនត្រឹមតែលើកកំពស់គុណភាពសោភ័ណភាពនៃផ្លូវជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់បរិស្ថានស្អាតសម្រាប់ទាំងអស់គ្នាផងដែរ។ យុទ្ធនាការ “ផ្លូវជាតិគ្មានសំរាមប្លាស្ទិក” សន្យាថានឹងត្រួសត្រាយផ្លូវឱ្យកាន់តែស្អាត និងរស់រវើកជាងមុន ដែលទាំងអ្នករស់នៅ និងអ្នកទស្សនាអាចរីករាយនឹងសម្រស់ធម្មជាតិ និងបដិសណ្ឋារកិច្ចដែលកម្ពុជាមាន។



- Video Advertisement -