រដ្ឋាភិបាលកម្ពុជាប្រកាសកំណត់ពិតាននៃកម្ចីមិនឱ្យលើសពី ១៣ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈរយៈពេល ៥ឆ្នាំដោយគិតពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៨ ដោយកំណត់ការខ្ចីបំណុលពីស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍បរទេសក្នុងរង្វង់ទឹកប្រាក់ចន្លោះពី ១.៧ប៊ីលាន ទៅ ២ប៊ីលានអេសដេអ៊ែរ (សមមូលនឹង ២.៣០០ ទៅ ២.៧០០លានដុល្លារ) ក្នុងមួយឆ្នាំ។
យោងតាមយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈរយៈពេល ៥ឆ្នាំ រដ្ឋអាចបង្កើនការខ្ចីប្រាក់ដល់ ២.៥ប៊ីលានអេសដេអ៊ែរ ក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវលើសពី ១០ ប៊ីលានអេសដេអ៊ែរ (សមមូលនឹង១៣.៥ពាន់លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ។
ចំពោះការប្រមូលហិរញ្ញប្បទានតាមរយៈការបោះផ្សាយមូលបត្របំណុលរបស់រដ្ឋវិញ រាជរដ្ឋាភិបាលគ្រោងបោះលក់មូលបត្ររដ្ឋក្នុងរង្វង់ ៥០០ប៊ីលាន ទៅ ១ទ្រីលានរៀល ក្នុងមួយឆ្នាំ ហើយអាចបង្កើនដល់ ១.២ទ្រីលានរៀល ក្នុងមួយឆ្នាំ ប៉ុន្តែមិនត្រូវលើសពី ៤ទ្រីលានរៀល (សមមូលនឹង ប្រមាណ១ប៊ីលានដុលារ) ក្នុងរយៈពេល៥ឆ្នាំ។
បើតាមយុទ្ធសាស្រ្តខាងលើនេះ រាជរដ្ឋាភិបាលនឹងប្រើប្រាស់ហិរញ្ញប្បទានទាំងនោះសម្រាប់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្លូវថ្នល់ ស្ពាន ប្រព័ន្ធស្រោចស្រព អគ្គិសនី កំពង់ផែ ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជំរុញវិស័យឧស្សាហកម្ម ឡូជីស្ទីក និងឌីជីថលជាដើម។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងក្នុងយុទ្ធសាស្រ្តនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានការណ៍នយោបាយសកល នៅតែបន្តមានភាពផុយស្រួយ និងប្រឈមនឹងភាពតានតឹង និងរិតតែខ្លាំងឡើង ដែលអាចជះឥទ្ធិពលដល់និន្នាការសេដ្ឋកិច្ចទាំងក្នុងកម្រិតសកល, តំបន់, និងប្រទេសកម្ពុជា។
សម្តេចបញ្ជាក់បន្ថែមទៀតថា៖ «ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ខាងលើ និងក្នុងបរិការណ៍នៃការវិវត្តន៍ដែលកំពុងឈានឡើងជាលំដាប់នៃសង្គម-សេដ្ឋកិច្ច កម្ពុជា ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, រាជរដ្ឋាភិបាល សម្រេចដាក់ឱ្យ អនុវត្តនូវ “យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨-ដោយនឹងត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពប្រយ័ត្នប្រយែងខ្ពស់ និងអាចមានភាពបត់បែនតាមសភាពការណ៍ពិភពលោក, តំបន់, និងបរិការណ៍ របស់កម្ពុជា» ។
គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៤នេះ កម្ពុជាមានបំណុលសាធារណៈសរុប ១១.៩ប៊ីលានដុល្លារ។ (អានបន្ថែម)
- Video Advertisement -