រដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគជិត $១ពាន់លាន អភិវឌ្ឍខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលភ័ស្ដុភារប្រចាំតំបន់

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងវិនិយោគជិត ១ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍ក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នៅឆ្នាំ ២០២៩។

ការវិនិយោគនេះនឹងត្រូវបានអនុវត្តជាបីដំណាក់កាលសំខាន់ៗ ដោយដំណាក់កាលទី១ នៃការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុបានបើកដំណើរការរួចហើយកាលពីឆ្នាំមុន ដោយប្រើប្រាស់ថវិកាកម្ចីពីប្រទេសជប៉ុនប្រមាណ ២០០លានដុល្លារអាមេរិក។ មូលនិធិដែលនៅសេសសល់ ត្រូវបានប៉ាន់ស្មានថាមានចំនួន ប្រមាណ ៦០០លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ដំណាក់កាលពីរបន្ទាប់ទៀត។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការវិនិយោគដ៏ច្រើនសន្ធឹកនេះ មានគោលបំណងមិនត្រឹមតែប្រែក្លាយខេត្តព្រះសីហនុ ទៅជាកំពង់ផែអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រែក្លាយវាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់បំផុតក្នុងតំបន់ផងដែរ។ ទន្ទឹមគ្នានេះដែរ សម្តេចក៏លើកឡើងពីសក្ដានុពលនៃការរីកចម្រើនបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ ដែលជាចំណុចផ្តោតនៃ “កម្មវិធីពិសេសរបស់រដ្ឋាភិបាលក្នុងការជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ។ កម្មវិធីនេះត្រូវបានកំណត់ថានឹងបន្តផ្តល់អត្ថប្រយោជន៍ពិសេសរហូតដល់ចុងឆ្នាំ២០២៥។

គិតមកដល់ពេលនេះ ខេត្តព្រះសីហនុ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រដ្ឋាភិបាល បានសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសបានជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។ ជាងនេះទៀត ដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍ឡើងវិញ រាជរដ្ឋាភិបាល ក៏ទើបបានអនុម័តគម្រោងអភិវឌ្ឍន៍​ខេត្តជាប់សមុទ្រ ក្នុងនោះយកខេត្តព្រះសីហនុជាគោលផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី។

យុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ទូលំទូលាយនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ តាមរយៈការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-តួកគី រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងសម្រួលនិតិវិធីតាមច្រករបៀង

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយក្រសួងដឹកជញ្ជូ […]

បដិវត្តន៍មធ្យោបាយធ្វើដំណើរ៖ ក្តីស្រមៃនៃ Hyperloop ពីទីក្រុងញូវយ៉ក ទៅទីក្រុងឡុងដ៍

ពិភពលោកកំពុងព្យាយាមឥតឈប់ឈរដើម្បីស្វែងរកមធ្យោបាយសម្រាប់ក […]

ក្រុមហ៊ុន Integrated  ចង់វិនិយោគក្នុងវិស័យភស្ដុភារកម្មរបស់កម្ពុជា

ក្រុមហ៊ុន Integrated Logistics Asia, KLN ដែលជាក្រុមហ៊ុន […]

កម្ពុជា-ចិន ប្រកាសរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងលើកកម្ពស់វិស័យភស្តុភារកម្ម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនចិន Zhejiang S […]