រដ្ឋាភិបាលដាក់ចេញគោលការណ៍ថ្មីរឹតបន្ដឹងរោងចក្រដើរដោយថាមពលចំហាយ

ក្រសួងរ៉ែ និងថាមពល បានដាក់ចេញប្រកាសថ្មី ទិសដៅរឹងបន្ដឹងការគ្រប់គ្រងរោងចក្រ និងប្រតិបត្តិការថាមពលចំហាយ ដែលតម្រូវឱ្យគ្រប់អាជីវកម្មពាក់ព័ន្ធនឹងវិស័យនេះទាំងអស់ត្រូវសុំច្បាប់អនុញ្ញាតមុន នឹងចាប់ផ្ដើមប្រតិបត្តិការ។

បើតាមប្រកាសលេខ ០៣០៥ ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រតិបត្តិការថាមពលចំហាយ សំដៅដល់ការផលិត ការចែកចាយ និងការប្រើប្រាស់ថាមពលចំហាយ។ (ការដុតឥន្ទនៈ ធ្យូងថ្ម ឬចំហេះនានាដើម្បីបង្កើតជាចំហាយទឹក ក្នុងការជំរុញទួរបិន ឬម៉ូទ័រឱ្យផលិតអគ្គិសនី។)

ប្រកាសបានបន្ដថា ក្រុមហ៊ុនដែលមានបំណងអភិវឌ្ឍ សាងសង់ ដំឡើង និងប្រតិបត្តិការថាមពលចំហាយ ទាំងប្រើប្រាស់ផ្ទាល់ និងប្រើប្រាស់ដោយប្រយោល ត្រូវស្នើសុំលិខិតអនុញ្ញាតទាំងអស់។

មួយវិញទៀត ចំពោះក្រុមហ៊ុន ដែលមានបំណងធ្វើការអភិវឌ្ឍន៍សាងសង់ និងដំឡើង ត្រូវសុំលិខិតអនុញ្ញាត ២ គឺអាជ្ញាបណ្ណសុំប្រតិបត្តិថាមពលចំហាយ និងអាជ្ញាបណ្ណផ្តល់សេវាកម្មថាមពលចំហាយ។

ដូចគ្នានេះ ក្រុមហ៊ុនណាដែលចង់ផលិតចំហាយ និងអគ្គិសនីរួមគ្នា ក៏ត្រូវសុំលិខិតអនុញ្ញាត ២ ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនណាគ្មានលិខិតអនុញ្ញាត ត្រូវពិន័យជាប្រាក់ពី ៤០០ ០០០ រៀល ទៅ ៤ លានរៀល ក្នុងមួយថ្ងៃ និងទោសទណ្ឌដែលមានចែងក្នុងបទប្បញ្ញត្តិដទៃទៀតជាធរមាន។

- Video Advertisement -