រដ្ឋាភិបាលនៅតែបន្តមិនយកពន្ធលើដីស្រែចំការ ដរាបណាដែលសម្ដេចនៅកាន់អំណាច

រដ្ឋាភិបាលប្រកាសបន្ដមិនយកពន្ធលើដីស្រែចំការដរាបណា ដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅកាន់អំណាច ខណៈពន្ធលើដីស្រែចំការត្រូវបានលើកលែងអស់រយៈពេលជាង ៤១ឆ្នាំ មកហើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងដូច្នេះ នៅក្នុងឱកាសបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈនេះ។ (អានបន្ថែម)

សម្ដេចបានមានប្រសាសន៍ថា៖ «…រដ្ឋបង្កលក្ខណៈគ្រប់បែបយ៉ាងរាប់បញ្ជូលទាំងការមិនបញ្ជូលពន្ធលើដីស្រែ ដីចំការរបស់ប្រជាពលរដ្ឋយើង។ នោះក៏ជាចំណែកនៃការអនុវត្តគោលនយោបាយដីធ្លីចំពោះកសិករ ដែលខ្ញុំព្រះករុណាខ្ញុំនៅតែប្រកាសថា រយៈពេល៤១ឆ្នាំកន្លងផុតទៅ យើងមិនដែលយកពន្ធដីកសិកម្មពីកសិករទេ បើគណបក្សប្រជាជនកាន់អំណាច១០០ឆ្នាំទៀត ក៏យើងនៅតែមិនយកលើដីធ្លីកសិកម្មបន្តទៅទៀត។»

យោងទៅតាមប្រកាសស្ដីពី ការប្រមូលពន្ធលើអចលនទ្រព្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រការ១ អចលនទ្រព្យដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប់ពន្ធលើអចលនទ្រព្យដែលមានតម្លៃលើពី ១០០, ០០០, ០០០ រៀល ឬ ២៥, ០០០ដុល្លារអាមេរិក។

តាមប្រភពដដែល អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ គឹមានច្រើនប្រភេទ ដោយ អចលនទ្រព្យដែលជាដីធ្លីកសិកម្ម ក៏ជាផ្នែកមួយផងដែរ។

បើតាមគេទំព័ររបស់ក្រសួងព័ត៌មាន សម្តេចតេជោ ហ៊ុន សែន កត់សម្គាល់ថា កម្ពុជាទទួលបានចំណូលពន្ធប្រមាណ ២៥០ លានដុល្លារក្នុងមួយខែ។ ហើយកាលពីឆ្នាំ ២០១៩ កម្ពុជាទទួលបានចំណូលពន្ធប្រមាណ ៦ ពាន់លានដុល្លារ។

- Video Advertisement -