រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោក ៨ហិកតាជូនក្រសួងយុត្តិធម៌
ទីស្ដីការគណៈរដ្ឋមន្ត្រី សម្រេចកាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ៨ហិកតា ឱ្យទៅក្រសួងយុត្តិធម៌សាងសង់ជាឃ្លាំងរក្សាទុកនូវឯកសារ និងសម្ភាររបស់ក្រសួង សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៩ កញ្ញា នេះ។
ឯកឧត្តម គឹម សន្តិភាព បានឱ្យដឹងថា សេចក្ដីសម្រេចនេះ គឺធ្វើឡើងដោយយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ក៏ដូចជាអភិបាលរាជធានីភ្នំពេញ។
នៅក្នុងលិខិតនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំ៨ហិកតា ដែលមានទីតាំងក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការខណ្ឌព្រែកព្នៅ សម្រាប់រៀបចំធ្វើជាឃ្លាំងរក្សាទុកឯកសារ និងសម្ភាររបស់ក្រសួងយុត្តិធម៌ សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។
គួរបញ្ជាក់ដែរថា បឹងតាមោកត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ កុម្ភៈ ២០១៦ ដែលកំណត់ផ្ទៃបឹងមានទំហំជាង ៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។
កន្លងមក រដ្ឋាភិបាលធ្លាប់បានកាត់ផ្ទៃដីនេះច្រើនដងមកហើយ។ តួយ៉ាង កាលពីថ្ងៃទី ១ កញ្ញា រដ្ឋបានសម្រេចកាត់ដីបឹងតាមោក១៥ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្តីការក្រសួងថ្មី។ (អានបន្ថែម)
កាលពីថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២០ រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំជិត ៣០០ ហិចតា ដើម្បីសាងសង់អគ្គបញ្ជាការដ្ឋាននៃកងទ័ពថ្មី។ (អានបន្ថែម)
កាលពីថ្ងៃទី ២៧ មេសា ២០២០ រដ្ឋាភិបាលបានសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣០ ហិកតា ទៅឱ្យលោកស្រី គីម ហ៊ាង ជាមួយនឹងផ្ទៃដីនៅទីតាំងដី ៣ កន្លែងផ្សេងៗគ្នាទៀត។ (អានបន្ថែម)
កាលពីដើមខែមិនា ផ្ទៃដីបឹងតាមោក ទំហំ ៨៣ហិកតា ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម)
ឯកាលពីខែ សីហា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល ក៏បានយល់ព្រម ជាគោលការណ៍យកដីចំនួន ២០ ហិកតា នៃបឹងតាមោក សាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។


