រថយន្តប្រភេទអនាគតនិយម Cybertruck របស់មហាសេដ្ឋីអាមេរិកចាប់ផ្តើមដាក់លក់ក្នុងទីផ្សារហើយ

ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអេឡុន ម៉ាស់ ម៉ាកសាយបើត្រាក់ (Cybertruck) ដែលជាប្រភេទរថយន្តមានរចនាបថថ្មីបែបអនាគតនិយម (Futuristic) បានចាប់ផ្តើមចែកចាយចូលទៅក្នុងទីផ្សាររថយន្តភីកអាប់លើកដំបូងរបស់ខ្លួន ជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកានេះ នៅទីក្រុង Austin នៅរដ្ឋតិចសាស់ នេះបើយោងតាមការចុះផ្សាយរបស់សារៈព័ត៌មាន The Guardian កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣។

ក្នុងតម្លៃលក់ចន្លោះពី ៦០.៩៩០  ដុល្លារ ទៅ ៩៩.៩៩០ ដុល្លារ សម្រាប់រថយន្តម៉ាក Cybertruck  នេះ ដែលមានបីប្រភេទផ្សេងៗគ្នា លោកមហាសេដ្ឋី អេឡុន ម៉ាស់ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានអះអាងដោយទំនុកចិត្តថា Cybertruck ផ្តល់នូវ “ផលប្រយោជន៍ក្នុងការប្រើប្រាស់បានច្រើនជាងឡានដឹកទំនិញ” និងមានល្បឿន “លឿនជាងរថយន្តស្ព័រ”ទៅទៀត។

ចំពេលមានការអបអរសាទរពីហ្វូងមនុស្សសាទរនៅក្នុងព្រឹត្តិការណ៍ចែកចាយរថយន្តនេះ លោក អេឡុន ម៉ាស់ បានបើកឡាន Cybertruck ផ្ទាល់ទៅលើឆាក ហើយក្រោយមកបានប្រគល់រថយន្តដល់អតិថិជនដែលមានចំនួនរាប់សិបនាក់។ លើកឡើងពីការរចនាបែបអនាគតនិយមដ៏ប្លែកក្នុងឱកាសនោះ លោក អេឡុន ម៉ាស់ បានប្រកាសថា “ទីបំផុតអនាគតនឹងមើលទៅដូចអនាគត “(Finally, the future will look like the future)” ដោយលោកបានបង្អួតវីដេអូដែលបង្ហាញពីរថយន្ត Cybertruck អូសសណ្តោងរថយន្ត Porsche ៩១១ ដោយមិនបាច់ប្រឹង ហើយមានល្បឿនលឿនជាងរថយន្ត Porsche ៩១១ ប្រើសាំងមួយផ្សេងទៀត។​

លោក អេឡុន ម៉ាស់ បានបង្ហាញលក្ខណៈពិសេសលេចធ្លោរបស់រថយន្តថ្មីនេះថា អាចរត់បានចម្ងាយប៉ាន់ស្មាន ៥៤៧ គីឡូម៉ែត្រនៅពេលសាកអាគុយម្តង និងអាចពង្រីកបានដល់ ៧៥៦គីឡូម៉ែត្រ ជាមួយនឹងឧបករណ៍សន្សំថាមពល ” range extender” ។

នៅពេលបិទបញ្ចប់នៃព្រឹត្តិការណ៍នៅទីក្រុង Austin គេឃើញ អ្នកទិញមួយចំនួន បានបើក Cybertrucks ពីរបីគ្រឿងដំបូងចេញទៅ ដែលនេះជាការបង្ហាញអំពី​ដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់ Cybertruck រាប់ចាប់តាំងពីដំណាក់កាលការរចនារាងដំបូងរបស់វា ដែលបង្ហាញគំរូផ្តួចផ្តើមគំនិតដំបូងដោយលោក Musk កាលពី ៤ ឆ្នាំមុន និងត្រូវបានពន្យារពេលអស់រយៈពីរឆ្នាំ ដោយសារវិបត្តិផ្គត់ផ្គង់វត្ថុធាតុដើមផលិត។

ទោះបីជា Musk មិនបានបង្ហាញពីតម្លៃរថយន្តក្នុងអំឡុងពេលព្រឹត្តិការណ៍នេះក៏ដោយ ក៏គេហទំព័ររបស់ក្រុមហ៊ុន Tesla បានរាយបញ្ជីតម្លៃសម្រាប់ប្រភេទរថយន្តទាំងបីផ្សេងគ្នា។ ប្រភេទ Cybertrucks ដែលដំណើរការល្អបំផុត មានឈ្មោះថា  ‘Cyberbeast’ ដែលមានន័យជាភាសាខ្មែរថា “សត្វសាហាវ” ដែលជាប្រភេទរថយន្តប៉ុង០២ ត្រូវបានគេគ្រោងដាក់លក់នៅឆ្នាំក្រោយ ក្នុងតម្លៃចាប់ពី ៨០.០០០ ដុល្លារឡើង។

គួរររំលឹកថា បន្ទាប់ពីលោក អេឡុន ម៉ាស់ បានប៉ាន់ប្រមាណតម្លៃ Cybertruck ក្នុងឆ្នាំ ២០១៩ ថា នឹងលក់ក្នុងតម្លៃ ៤0.000 ដុល្លារក្នុងមួយគ្រឿង រថយន្តនេះបានទាក់ទាញអ្នកកក់ទុកមុនច្រើនជាងមួយលាននាក់ ដែលដាក់ប្រាក់កក់ ១០០ដុល្លារ។
ប៉ុន្តែយោងតាមលោក អេឡុន ម៉ាស់ ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “តម្លៃប្រាក់កក់ថ្មី សម្រាប់អតិថិជនដែលចង់បានរថយន្តនេះ គឺ ២៥០ដុល្លារ។”

លោក អេឡុន ម៉ាស់ បានរំលឹកឡើងវិញនូវអត្រាផលិតកម្មដែលរំពឹងទុករបស់ក្រុមហ៊ុន Tesla ថាអាចមានសមត្ថភាពផ្គត់ផ្គង់ Cybertrucks បានប្រហែល ២៥០០០០គ្រឿង ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០២៥ទៅ។

សម្រាប់​អ្នក​ដែល​សម្លឹង​មើល​ជម្រើស​ដែល​មាន​តម្លៃ​សមរម្យ​ជាង​នេះ អាចពិចារណាមើលរថយន្ត Cybertrucks ប្រភេទប៉ុង០១ ​ដែល​មាន​តម្លៃ​ចាប់​ផ្ដើម​ប្រហែល ៦១.០០០ ដុល្លារ​ដែលគ្រោង​នឹង​ចេញ​លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០២៥៕

 

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]