រយៈពេល១ខែកក្កដា កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបាន ៤៤គម្រោង មានតម្លៃ ៣៩៦លានដុល្លារ
ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣៩៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥០០០កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង ៤៤គម្រោងខាងលើនេះ មាន ៣១គម្រោង ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង ១៣គម្រោងទៀតស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ជាការកត់សម្គាល់ ឃើញថាខេត្តកំពង់ស្ពឺបានស្រូបទាញគម្រោងវិនិយោគថ្មីបានច្រើនជាងគេ គឺបានរហូតដល់ ១៣គម្រោង, តាមពីក្រោយដោយខេត្តតាកែវ ៧គម្រោង និង ខេត្តស្វាយរៀង ៦គម្រោង និងខេត្តផ្សេងៗទៀត នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៦ សីហា ២០២៤នេះ។
យោងតាមសេចក្តីប្រកាសខាងលើបានបង្ហាញបន្ថែមថា ក្នុងខែកក្កដានេះ ការវិនិយោគមកពីប្រទេសចិនបានស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦៨,០៦ភាគរយ នៃទុនវិនិយោគសរុប និងការវិនិយោគក្នុងស្រុកបានគ្របដណ្តប់ ១៤,២៤ភាគរយ នៃទុនវិនិយោគសរុបផងដែរ។
គួរបញ្ជាក់ថា ក្នុងខែកក្កដានេះដែរ ឃើញថាមានគម្រោងវិនិយោគចំនួន៣ ដែលមានភាពលេចធ្លោរជាងគេ ក្នុងនោះរួមមាន៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស
ទី១_គម្រោងពង្រីកផលិតកម្មរបស់ម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ២១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៤កន្លែង។
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស
ទី១_គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ដែលមានទីតាំងស្ថិតនៅភូមិអូរជ្រៅ ភូមិផ្លោងនៃឃុំបឹងព្រាវ និងភូមិឈើនាងនៃឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមទុនវិនិយោគចំនួន ១០០លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៣៣១កន្លែង។
ទី២_គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុកែច្នៃចំណីអាហារ (Galatin) ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ក្នុងទុនវិនិយោគ ២៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង។
- Video Advertisement -