រោងចក្រដំឡើងរថយន្តរបស់អាមេរិកនៅខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ
ដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត FORD របស់ក្រុមហ៊ុនអាមរិក (RMA CAMBODIA) ដែលមានទីតាំងស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
ក្រុមហ៊ុន RMA CAMBODIA បានពង្រីកការវិនិយោគរបស់ខ្លួនពី ២១លានដុល្លារ ទៅ ២៦,៨លានដុល្លារ និងបានពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា រហូតដល់ ១២ហិកតា។
បន្ថែមពីនេះ ក្រុមហ៊ុនបានផ្លាស់ប្តូរចង្វាក់ផលិតកម្មពីកម្រិតដំឡើង CKD មក កម្រិត IKD-1 ដែលអាចបង្កើនសមត្ថភាព ផលិតរថយន្តលើសពី ១០,០០០ គ្រឿងក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្នមានគ្គលិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏ទទួលបានការគាំទ្រពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពយានយន្ត (Automotive Center of Excellence) ក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាលា Bendigo Kangan Institute Group (BKI) របស់ប្រទេសអូស្ត្រាលីផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន RMA CAMBODIA បានចាប់ផ្តើមបើករោងចក្រផលិតរថយន្ត Ford នៅខេត្តពោធិ៍សាត់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ជាមួយនឹងទុនវិនិយោគជាង ២១លានដុល្លារ។ ការពង្រីកចុងក្រោយបង្អស់នេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មរថយន្តក្នុងស្រុក និងគូសបញ្ជាក់អំពីតួនាទីដែលកំពុងរីកចម្រើនរបស់កម្ពុជានៅក្នុងការផលិតជាសកល។ (អានបន្ថែម)





