រោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា អាចនឹងសាងសង់ឆាប់ៗ
គម្រោងរោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា ដែលសិក្សាដោយក្រុមហ៊ុន The Blue Circle (Cambodia) ជិតឈានដល់ដំណាក់កាលសាងសង់ហើយ ដោយនៅពេលនេះ ក្រុមហ៊ុនកំពុងពិភាក្សាលើតម្លៃអគ្គិសនីលក់ចេញទៅអគ្គិសនីកម្ពុជា។
លោក ជា សោភ័ណ នាយកគ្រប់គ្រងអភិវឌ្ឍន៍នៃក្រុមហ៊ុន The Blue Circle (Cambodia) បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាលើតម្លៃលក់ចេញទៅអគ្គិសនីកម្ពុជា ហើយនៅពេល EDC ព្រមទទួលតម្លៃចុងក្រោយហើយ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់គម្រោងភ្លាមៗតែម្តង។
លោកបានបន្តថា៖ «ក្រុមហ៊ុនបានជ្រើសរើសយកខេត្តកំពត ដើម្បីវិនិយោគសាងសង់រោងចក្រថាមពលដើរដោយថាមពលខ្យល់ បន្ទាប់ពីបានសិក្សាសក្តានុពល នៅគ្រប់ទូទាំងប្រទេសចាប់តាំងពីឆ្នាំ២០១៦ មក»។
ប្រទេសកម្ពុជារងរបបខ្យល់ម៉ូសុង២ ប្រភេទ ហើយជាបឋមក្រុមហ៊ុនរកឃើញថាសក្តានុពលខ្យល់ប្រមាណ ១៣០០ មេហ្កាវ៉ាត់ ក្នុងនោះលទ្ធភាពដែលអាចទាញយកអគ្គិសនីប្រើបានភ្លាមៗ គឺ ១២០មេហ្កាវ៉ាត់។
លោក ជា សោភ័ណ បន្តថា៖ «គម្រោងថាមពលខ្យល់ដំបូងបង្អស់នៅខេត្តកំពតអាចផលិតអគ្គិសនីបាន ២២៥ ជីហ្គាវ៉ាតម៉ោង (GWh) ជារៀងរាល់ឆ្នាំ ដែលអាចផ្គត់ផ្គង់ដល់ប្រជាជនចំនួន ១៥០.០០០ គ្រួសារ និងសន្សំសំចៃឧស្ម័នកាបូនិកបានជាង ១៣០.០០០ តោនជារៀងរាល់ឆ្នាំ»។
យោងតាមរបាយការណ៍ពី Clean Energy Week គម្រោងថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ ស្ថិតក្នុងចំណោមប្រភពថាមពលកកើតឡើង រួមមាន វារីអគ្គិសនី និង ថាមពលពន្លឺព្រះអាទិត្យជាដើម។ វារីអគ្គិសនី និង ថាមពលពន្លឺព្រះអាទិត្យ -Solar power។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងស្ថានីយ៍ថាមពលសូឡា ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ នៅកម្ពុជា ជាមួយនឹងតម្លៃថាមពលពីស្ថានីយ៍សូឡា ចូលបណ្តាញជាតិលក់ក្នុងចន្លោះ ៧ សេន ទៅ៧,៦សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង ខណៈដែលតម្លៃថាមពលពីថាមពលខ្យល់ ត្រូវបានស្នើឡើង ៦,៨៥សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង៕

