រោងចក្រផលិតកង់ឡានដំបូងគេនៅកម្ពុជាកំពុងសាងសង់ គ្រោងទិញកៅស៊ូក្នុងស្រុក ១៥ម៉ឺនតោនក្នុងមួយឆ្នាំ

ដំណើរការសាងសង់រោងចក្រផលិតសំបកកង់រថយន្តដំបូងគេនៅកម្ពុជាស្ថិតក្នុងខេត្តស្វាយរៀង វិនិយោគដោយក្រុមហ៊ុនចិន Cart Tire Co., Ltd តម្លៃជាង ៣៥០លានដុល្លារអាមេរិក កំពុងធ្វើទៅដោយរលូន ខណៈក្រុមហ៊ុនសន្យាថានឹងទិញផលិតផលជ័រកៅស៊ូក្នុងស្រុក១០០% ក្នុងសង្វាក់ការផលិត ពោលគឺប្រមាណ ៥ម៉ឺនតោន នៅឆ្នាំដំបូង និង ១៥ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។

នេះបើយោងតាមកិច្ចចុះពិនិត្យទីតាំងការដ្ឋានផ្ទាល់របស់ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅ។

គម្រោងនេះបច្ចុប្បន្នកំពុងសាងសង់លើផ្ទៃដីទំហំ ៥០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង ៤ ០០០កន្លែង ជូនដល់កម្មករនិយោជិត។

បើយោងតាមរបាយការណ៍ក្រុមហ៊ុន នៅឆ្នាំដំបូង ការផលិតនឹងត្រូវការកៅស៊ូប្រមាណ ៥០ ០០០តោន ដោយនឹងកើនឡើងរហូតដល់ ១៥០ ០០០តោន នៅ៥ឆ្នាំខាងមុខ ឬស្មើនឹងប្រមាណ ៤៣% នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុបឆ្នាំ២០២០។

ឯកឧត្តម សុខ ចិន្តាសោភា បញ្ជាក់ថា រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា នឹងជួយជំរុញតម្រូវការជ័រកៅស៊ូ និងរក្សាស្ថិរភាពតម្លៃ ខណៈបច្ចុប្បន្នកម្ពុជានាំចេញផលិផលជ័រកៅស៊ូស្ទើរ ១០០% ទៅទីផ្សារក្រៅប្រទេស។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតផលជ័រកៅស៊ូសរុបរយៈពេល៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ១៣៣ ៣៦៧ តោន បានកើនឡើង ៥,៧៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

ក្នុងថ្ងៃជាមួយគ្នានេះ ឯកឧត្តមក៏បានចុះពិនិត្យរោងចក្រផលិតគ្រឿង Shane (Cambodia) Furniture Co., Ltd. តម្លៃ ៤៧លានដុល្លារ ដែលកំពុងសាងសង់លើផ្ទៃដី ៣៥ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតផងដែរ។

ក្នុងឱកាសនេះឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុនទាំងពីរ ក៏ដូចជាក្រុមហ៊ុនទាំងអស់ ព្យាយាមប្រើផលិតផលក្នុងស្រុកឱ្យច្រើនបំផុតតាមតែអាចធ្វើទៅបានដើម្បីកាត់បន្ថយពន្ធ និងជួយសេដ្ឋកិច្ចជាតិ។ លើសពីនេះ ក្រុមហ៊ុនទាំងអស់ក៏ត្រូវគិតគូរពីការគ្រប់គ្រងសំណល់ បរិស្ថាន ក៏ដូចជាការជួយបង្កើតការងារដល់មនុស្សក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិន Jiangsu General Science កាលពីថ្មីៗនេះ ក៏គ្រោងនឹងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ក្រោមទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុផងដែរ ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិតសំបកកង់បានដល់ ៦លានគ្រាប់ ក្នុងមួយឆ្នាំៗ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]