រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតក្នុងខេត្តកំពង់ស្ពឺ តម្លៃជាង ២៥០លានដុល្លារ បើកដំណើរការជាផ្លូវការ
រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតមួយ តម្លៃជាង ២៥០លានដុល្លារ មានទីតាំងស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងសារទរ នូវសមិទ្ធផលរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន Conch KT Cement ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ហើយអាចផលិតស៊ីម៉ងត៍ បានជាង ២លានតោនក្នុងមួយឆ្នាំៗ។
សម្តេចបន្តថា រោងចក្រស៊ីម៉ងត៍ខ្នាតធំមួយនេះ នឹងចូលរួមចំណែកក្នុងផ្គត់ផ្គង់ស៊ីម៉ង់ដ៍ក្នុងស្រុកដែលមានការកើនឡើងជាបន្តបន្ទាប់ ស្របតាមតម្រូវការស៊ីម៉ង់ដ៍ដែលកំពុងកើនឡើង។
បន្ថែមពីនេះ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រោងចក្រផលិតស៊ីម៉ង់ដ៍ខាងលើនេះ មានទុនវិនិយោគប្រមាណជាង ២៥០លានដុល្លារ វិនិយោគដោយ ក្រុមហ៊ុនចិន Conch KT Cement ដែលបច្ចុប្បន្នក៏កំពុងដំណើររោងចក្រផលិតស៊ីម៉ងត៍មួយកន្លែងទៀតនៅក្នុងខេត្តបាត់ដំបងផងដែរ។
គួររំលឹកទៀតថា ក្រុមហ៊ុនចិន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED នេះបានទទួលវិញ្ញាបនបត្រចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែសីហា ឆ្នាំ២០២៣។ (អានបន្ថែម និងបន្ថែម)
គួរបញ្ជាក់ថា គិតមកដល់ឆ្នាំ២០២៥ នេះ កម្ពុជាមានរោងចក្រស៊ូម៉ងចំនួន៦ ដែលបានទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារ និងផ្តល់ការងារជូនប្រជាពលរដ្ឋសរុបប្រមាណ ៣,០០០កន្លែង។ នេះបើតាមការបញ្ជាក់បន្ថែមពីពីឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ៕


