រោងចក្រមីកញ្ចប់លំដាប់អន្តរជាតិបើកសម្ភោធជាផ្លូវការ

រោងចក្រផលិតមីកញ្ចប់ បំពាក់ដោយបច្ចេកវិទ្យាមកពីប្រទេសជប៉ុនបានបើកសម្ភោធដំណើរការជាផ្លូវការ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ កន្លងទៅជាមួយនឹងក្តីរំពឹងទទួលបានការគាំទ្រពីសំណាក់​ប្រជាពលរដ្ឋខ្មែរ ខណៈផលិតផលមីនេះគឺផលិតដោយស្នាដៃខ្មែរ។

 

វិនិយោគដោយក្រុមហ៊ុន One More Manufacturing Co Ltd រោងចក្រផលិតមី មានទីតាំងនៅលើមហាវិថីឈ្នះៗ ផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ។

 

ដោយមានម៉ាកសញ្ញា «មីជាតិ​» ផលិតផលមីកញ្ចប់ពីរោងចក្រ មានបីជម្រើស គឺរសជាតិខគោ សាច់ជ្រូក​ចិញ្រ្ចាំ និងស៊ុបមាន់។​

 

ថ្លែងនៅក្នុងពិធីសម្ភោធកាលពីថ្ងៃសៅរ៍ លោកស្រី ជឹង សុគន្ធាវី នាយិការោ​ង​ចក្រមីជាតិ បានមានប្រសាសន៍ថា ផលិតផល​មី​ជាតិ ត្រូវបាន​ផលិត​ជា​ផ​លិត​ផល​ខ្មែរ​ដំបូង​គេ​នៅលើ​ទីផ្សារ​កម្ពុជា​ដែល​បង្កើត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដែលជា​ប្រជាពលរដ្ឋ​ខ្មែរ​មី​ជាតិ​ត្រូវបាន​បង្កើតឡើង​តាមរយៈ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ផ្ចិត ផ្ចង់ សម្រិតសម្រាំង​បំផុត និង​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​នាំចូល​ពី​ប្រទេស​ជប៉ុន និង​បច្ចេកវិទ្យា​ទំនើប​របស់​ប្រទេស​ជប៉ុន​។

 

លោកស្រីបន្តថា “នេះជាពេលដ៏សមស្របបំផុត ដែលកម្ពុជា គួរមានរោងចក្រផលិតចំណីអាហារក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនប្រមាណជាង ១៦លាននាក់ និងកាត់បន្ថយការពឹងផ្អែកលើសង្វាក់ ផលិតកម្ម របស់បរទេស ឬប្រទេសជិតខាង”។

 

លោកស្រី​ជឹ​ង សុគន្ធា​វី បាន​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ទាំងអស់ ឲ្យ​ចូលរួម​គាំទ្រ​ផលិតផល​ស្នាដៃ​ខ្មែរ​នេះ ដើម្បី​ចូលរួមចំណែក​លើកកម្ពស់ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ក៏ដូចជា​គាំទ្រ​ផលិតផល​ក្នុងស្រុក។ ​

 

លោក អ៊ុំ សូថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិ​ប្បកម្ម បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការដំណើរការរោងចក្រមីនេះ នឹងជួយលើកកម្ពស់ ការផលិតក្នុងស្រុក ជួយវិស័យកសិកម្ម ផ្គត់ផ្គង់វត្ថុធាតុដើម និងផ្តល់ការងារជូនប្រជាពលរដ្ឋ។​

 

លោក អ៊ុំ សូថា ថ្លែងថា៖ “ជាធម្មតា ការបង្កើតការផលិតក្នុងស្រុក ជួយបានច្រើន ទាក់ទងនឹងកសិកម្ម…បង្កើតការងារដល់ប្រជាពលរដ្ឋ ជាពិសេសបង្កើតជំនាញដល់កម្មករ ពីអ្នកជំនាញបរទេស ក្នុងការប្រើប្រាស់ម៉ាស៊ីន បច្ចេកវិទ្យាទំនើបៗ”។​

 

មិនមានព័ត៌មានពាក់ព័ន្ធនឹងទុនវិនិយោគ និងសមត្ថភាពផលិតនៃរោងចក្រមីជាតិនេះត្រូវបានបង្ហាញក្នុងពិធីសម្ភោធ។

 

បើតាមលោក អ៊ុំ សូថា ផលិតផលក្នុងស្រុកមានលទ្ធភាពប្រកួតប្រជែង ជាមួយផលិផលនាំចូលបាន តែផលិតផលទាំងនោះត្រូវផ្តោតលើការពង្រីងគុណភាព​ និងតម្លៃប្រកួតប្រជែងប្រហាក់ប្រហែលនឹងផលិតផលនាំចូល។​

 

គួរបញ្ជាក់ជូនថា ការផលិតមីកញ្ចប់នៅកម្ពុជា មានចាប់តាំងពី ឆ្នាំ២០១០ ដោយសហគ្រាសផលិតមី “មីយើង” ប៉ុន្តែហាក់មិនសូវមានប្រជាប្រិយភាពគាំទ្រខ្លាំង ធៀបនឹងផលិតផលមីកញ្ចប់នាំចូញ៕

The Photo Credit link: https://www.facebook.com/ministry.economy.finance/?epa=SEARCH_BOX

- Video Advertisement -