លទ្ធផលដេញថ្លៃគម្រោងជប៉ុនរាប់លានដុល្លារនឹងចេញផ្សាយក្នុងពេលឆាប់ៗ
រូបគំរូដោយ JICA
លទ្ធផលនៃការដេញថ្លៃគម្រោងជប៉ុនរាប់លានដុល្លារនឹងចេញផ្សាយក្នុងពេលឆាប់ៗ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ។
កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកម៉េត មាសភក្តី បានប្រាប់ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យយើងខ្ញុំថាលទ្ធផលនៃការដេញថ្លៃ«គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ»អាចនឹងត្រូវប្រកាសក្នុងរយៈពេលដ៏ខ្លីខាងមុខនេះបន្ទាប់ពីគណៈប្រតិភូត្រឡប់មកពីប្រទេសជប៉ុនវិញ។
លោកម៉េត មាសភក្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវប្រតិភូកំពុងត្រឡប់មកវិញ…..អាចពីរទៅបីថ្ងៃទៀតនឹងដឹងលទ្ធផល»។
សូមបញ្ជាក់ជូនថា យោងតាមទំព័រហ៊្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICAកាលពីថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០១៨ បានរៀបចំពិធីដេញថ្លៃគម្រោងដែលមានទឹកប្រាក់ប្រមាណជា ៣០ លានដុល្លារអាមេរិកនេះ។
គម្រោងទាំងនេះរួមមាន៖ ១) ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ ២) ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ ៣) សាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយ៍បូមទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ៤) តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និង ៥) ផ្តល់រថយន្តបូមទឹកចល័តចំនួន២គ្រឿង។
ទន្ទឹមនឹងនេះដែរ ទំព័រហ៊្វេសប៊ុក ដដែលបានឲ្យដឹងថាគម្រោងក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុននេះនឹងចាប់ផ្តើមអនុវត្តនៅចុងខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ។

