លោកអ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំវិនិយោគិនចិនចំនួន ១៨ក្រុមហ៊ុន មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
ប្រតិភូវិនិយោគិនចិនមកពី ១៨ក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុងនីងប៉ ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសហការី លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមកម្ពុជា បានជួបជាមួយ ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីពិភាក្សាក្នុងការស្វែងរកឱកាសវិនិយោគនានានៅព្រះរាជាណាចក្រកម្ពុជា។
នេះបើយោងតាមជំនួបរវាងប្រតិភូទាំង៨ក្រុមហ៊ុន និងលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានប្រធានសមាគមអ្នកសាងសង់កម្ពុជា ជាមួយ ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានលើកឡើងពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម,កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសកម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។
ឯកឧត្តម ក៏ជំរុញឱ្យវិនិយោគិនចិនគិតគូរបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេសការកែច្នៃ ស្របពេលកម្ពុជាមានច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគបើកចំហដែលមានតម្លាភាព ព្រមទាំងការលើកទឹកចិត្តនានា។
ជាការឆ្លើយតប តំណាងគណៈប្រតិភូទាំង៨ក្រុមហ៊ុនគឺ លោកស្រី លូ ចឺឈីង (Lu Zhiqiong) អគ្គនាយកធនាគារនីងប៉ សង្ឃឹមជឿជាក់ថាតាមរយៈជំនួបលើកនេះ នឹងធ្វើឱ្យក្រុមហ៊ុនមានចំណាប់អារម្មណ៍កាន់តែខ្លាំង ជាពិសេសទទួលបាននូវធាតុចូលល្អៗសម្រាប់ជាមូលដ្ឋានក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុនទាំង ១៨ ខាងលើនេះ គឺមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួនដូចជាការកែច្នៃកៅស៊ូ ផលិតសម្ភារៈបរិក្ខារពេទ្យ សម្ភារៈឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ និងធនាគារ ។ល។
ដោយសារកម្ពុជាបន្តដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគពីបរទេស កិច្ចសហការអន្តរជាតិបែបនេះមានសារៈសំខាន់ក្នុងការបង្កើតទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេស និងលើកកម្ពស់ទស្សនវិស័យអភិវឌ្ឍន៍របស់ខ្លួន។



- Video Advertisement -