លំនៅដ្ឋានតម្លៃសមរម្យជាង ៣០០០ ខ្នងនឹងបង្ហាញខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំព�
តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាលថ្មីៗនេះបានប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងរចនាប្លង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យចំនួន ៣០០០ ខ្នង របស់ខ្លួន ដើម្បីស្វែងរកប្លង់ស្ថាបត្យកម្មដែលមាននិរន្តរភាពព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកដែលមានប្រាក់ចំណូលទាប។
ការប្រកួតប្រជែងនេះរៀបចំឡើងក្រោមការសហការណ៍គ្នារវាងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ឬ UNPD តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងក្រុមហ៊ុន Building Trust International ក្នុងគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពសង្គម បរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អោយកាន់តែប្រសើរឡើង និងមាននិរន្តរភាព។
និរន្តរភាពគឺជាប្រធានបទសំខាន់នៃការប្រកួតប្រជែងនេះ ដោយការរចនាប្លង់ត្រូវតែឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋានរបស់អ្នករស់នៅដែលមានប្រាក់ចំណូលទាប និងមិនប៉ះពាល់ដល់បរិស្ថាន ឧទាហរណ៍ដូចជាការរចនាប្លង់លំនៅដ្ឋានអោយមានខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីជួយបញ្ចៀសការប្រើប្រាស់ ម៉ាស៊ីនត្រជាក់ និងកង្ហា ដែលអាចជួយកាត់បន្ថយចំណាយលើអគ្គិសនីរបស់អ្នករស់នៅ ក៏ដូចជារួមចំណែកក្នុងការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានផងដែរ។
ជ័យលាភីលំដាប់ទី១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ២ ម៉ឺនដុល្លារអាមេរិក ហើយជ័យលាភីទី ២ ដល់ លេខ ៥ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០០ ដុល្លារ។
ការប្រកួតប្រជែងនេះដែលបើកទូលាយសម្រាប់អ្នកជំនាញទាំងក្នុងនិងក្រៅប្រទេសដូចជា វិស្វករ ស្ថាបត្យករ ជាពិសេសនិស្សិតសិស្សានុសិស្សដែលមានជំនាញក្នុងវិស័យនេះទាំងអស់។ បេក្ខជនទាំងអស់អាចដាក់ពាក្យបានចាប់ពីខែឧសភាដល់ខែកក្កដាតាមគេហទំព័ររបស់ Building Trust International ដែលលទ្ធផលនឹងប្រកាសនៅខែសីហា។
បន្ទាប់ពីការរចនាផ្លង់ត្រូវបានបញ្ចប់ គម្រោងនេះត្រូវបានគេរំពឹងថានឹងបើកការដ្ឋានសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំនេះ។
គូរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលមានលំនៅដ្ឋានសរុបចំនួន ៣០០០ ខ្នង ដែលគម្រោងនេះបើកលក់ជាទូទៅដល់អ្នកដែលមានប្រាក់ចំណូលទាបទាំងអស់ មិនមែនសម្រាប់តែបុគ្គលិកដែលធ្វើការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនោះទេ។
- Video Advertisement -