វិនិយោគិនចិនបោះទុនជិត ៣០០លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃនៅស្វាយរៀង
ក្រុមហ៊ុន Nex Healthcare Co., Ltd. ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមួយរបស់ប្រទេសចិន បានបោះទុនវិនិយោគប្រមាណ ២៧៣លានដុល្លារ បើកការដ្ឋានសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង ជាផ្លូវការនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រខាងលើ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងសារទរចំពោះការសម្រេចចិត្តសង់រោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ លើផ្ទៃដីទំហំ ២១ហិកតា លើទឹកដីខេត្តស្វាយរៀងនេះ។ ឯកឧត្តមថា ការកើនឡើងនៃចំនួនគម្រោងវិនិយោគជាបន្តបន្ទាប់ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ជាពិសេសបានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។
បើតាមលោកស្រី Liu Wenjing តំណាងក្រុមហ៊ុន បានឱ្យដឹងថា រោងចក្ររបស់ក្រុមហ៊ុន Nex Healthcare Co., Ltd. គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន។ លោកស្រីបន្ថែមថា រោងចក្រផលិតស្រោមដៃការពារសុខភាពរបស់ក្រុមហ៊ុននេះ បានជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក ខណៈឧបករណ៍ពិនិត្យបេះដូងវិញ ជាប់ចំណាត់ថ្នាក់លេខ៤ នៅទូទាំងពិភពលោក និងជាប់លេខ២ នៅក្នុងប្រទេសចិនផងដែរ។
រោងចក្រថ្មីនេះត្រូវបានគេរំពឹងថានឹងបង្កើតឱកាសការងារជាច្រើនសម្រាប់អ្នករស់នៅ និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់ ដោយនឹងរួមចំណែកដល់ការរីកចំរើនសេដ្ឋកិច្ចសង្គមទាំងមូលរបស់កម្ពុជា។ នៅពេលដែលតម្រូវការសកលសម្រាប់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តបន្តកើនឡើង ទីតាំងវិនិយោគរបស់ Nex Healthcare ចាត់ទុកប្រទេសកម្ពុជាជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងឧស្សាហកម្មនេះ ខណៈពេលដែលទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរិតតែរឹងមាំរវាងប្រទេសចិន និងកម្ពុជា។
ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងចុងក្រោយនេះ ក្រុមហ៊ុន Nex Healthcare Co., Ltd. មិនត្រឹមតែបង្ហាញពីសក្តានុពលនៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ដំណាក់កាលសម្រាប់ការវិនិយោគនាពេលអនាគត ដែលសន្យាថានឹងជំរុញប្រទេសជាតិឆ្ពោះទៅរកអនាគតសេដ្ឋកិច្ចដ៏រុងរឿង។

- Video Advertisement -