វិនិយោគិនមកពីសម្ព័ន្ធក្រុមហ៊ុន East Group ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ
វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមអ្នកវិនិយោគនៃក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្នើ និងលើកឡើងពីគម្រោងរួចរាល់ហើយ។
នេះបើយោងតាមជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។
នាឱកាសនោះ វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បី
ធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមរយៈជំនួបនេះដែរ វិនិយោគិន ក៏បានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការផងដែរ។
គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ ១២រាជធានី-ខេត្ត, ខណៈក្នុងឆ្នាំ២០២៤តែមួយ មានការកើនឡើងចំនួន ៤តំបន់ទៀត ស្មើនឹង ១៥,៣៨% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕ (អានបន្ថែម)
តំបន់សេដ្ឋកិច្ចពិសេសដែលស្នើឡើងដោយ East Group សន្យាថានឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចក្នុងស្រុក បង្កើនការបង្កើតការងារ និងជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មក្នុងតំបន់។ ការពិភាក្សាដែលកំពុងបន្តជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងអនាគតរបស់គម្រោងនេះ។ នៅពេលដែលប្រទេសកម្ពុជាបន្តពង្រីកទិដ្ឋភាពសេដ្ឋកិច្ចរបស់ខ្លួន កិច្ចសហការរវាងអ្នកវិនិយោគ និងអាជ្ញាធររដ្ឋាភិបាលនៅតែមានសារៈសំខាន់សម្រាប់កំណើនប្រកបដោយចីរភាព។
- Video Advertisement -