វិស័យសំណង់កំពុងមានសន្ទុះខ្លាំងហើយបានស្រូបយកទុនវិនិយោគបរទេសរាប់ពាន់លានដុល្លារ

ក្នុងរយៈពេលជិត២ទសវត្យរ៍ចុងក្រោយនេះ វិស័យសំណង់គឺមានសន្ទុះយ៉ាងខ្លាំងហើយបានស្រូបយកទុនវិនិយោគបរទេសរាប់ពាន់លានដុល្លារព្រមទាំងបានបង្កើតការងាររាប់ម៉ឺនកន្លងជូនប្រជាពលរដ្ឋ។

ជាក់ស្តែង ក្នុងរយៈពេល១៨ឆ្នាំ (២០០០-២០១៨) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានផ្តល់លិខិតអនុញ្ញាតសាងសង់គម្រោងប្លង់ដល់អ្នកវិនិយោគបរទេសសរុបជាទឹកប្រាក់ប្រមាណជា ៥.៤ ពាន់លានដុល្លារអាមេរិកសម្រាប់ផ្ទៃក្រឡាសំណង់រហូតដល់ទៅ១៥ លានម៉ែត្រការ៉េ។

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រាប់បណ្តាអ្នកសារព័ត៌មានក្នុងសន្និសីទកាសែតថាស្ថានភាពវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាគឺមានលក្ខណៈ ល្អប្រសើរជាពិសេសការសាងសង់សំណង់អគារនានា។

បន្ថែមពីនេះទៅទៀត អ្នកជំនាញក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជានិងជាស្ថាបនិកក្រុមហ៊ុន Key Real Estate លោក សន សៀប កាលពីពេលថ្មីៗនេះបានមានប្រសាសន៍ថាវិស័យសំណង់និងអចលនទ្រព្យនឹងនៅបន្តមានសក្តានុពលក្នុងរយៈកាលយូរអង្វែងតទៀតដែលបានសបញ្ជាក់តាមរយៈការរីកលូតលាស់នៃសំណង់អគារតូចធំ។ លើសពីនេះទៅទៀត វិស័យមួយនេះគឺបន្តទាក់ទាញវិនិយោគិនពីបណ្តាប្រទេសក្នុងពិភពលោកជាពិសេសតំបន់អាស៊ី។

ជាការពិតណាស់ ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះ វិនិយោគិនចិន កូរ៉េ ជប៉ុន ថៃ តៃវ៉ាន់ សឹង្ហបុរី និងអង់គ្លេសជាដើមបានបោះទុនយ៉ាង សន្ធឹកសន្ធាប់ទៅក្នុងវិស័យសំណង់នៅកម្ពុជា។ ជាលទ្ធផល ចិនបានបោះទុនជាង ២.៤ ពាន់លានដុល្លារអាមេរិក កូរ៉េ ១.៦ ពាន់លាន ជប៉ុន ២៥៥ លាន ថៃ ១៨១ លាន តៃវ៉ាន់ ១៧៦ លាន សឹង្ហបុរី ១៦១ លាន និង អង់គ្លេស ១៤៩ លាន។

- Video Advertisement -